ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 81 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 81

ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំលឹក​ដាស់‌តឿន​អ្នក
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សម្រាប់​ពិណ​ពី​ស្រុក​កាថ។ ទំនុក​របស់​លោក​អេសាភ។

1 ចូរ​បន្លឺ​សំឡេង ដោយ​អំណរ​ជូន​អុលឡោះ ដែល​ជា​កម្លាំង​របស់​យើង! ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់ របស់​យ៉ាកកូប!

2 ចូរ​នាំ​គ្នា​ប្រគំ​តូរ្យ‌តន្ត្រី​ឡើង ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!

3 ចូរ​ផ្លុំ​ស្នែង​នៅ​ពេល​ចាប់​ផ្ដើម​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី គឺ​ជា​ថ្ងៃ​បុណ្យ​របស់​យើង​

4 ព្រោះ​ជា​ហ៊ូកុំ​នៅ​ស្រុក​អ៊ីស្រ‌អែល ជា​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប

5 ជា​ដំបូន្មាន​ដែល​ទ្រង់​បង្គាប់​មក ពូជ‌ពង្ស​របស់​យូសុះ នៅ​ពេល​ទ្រង់​វាយ​ប្រហារ​ស្រុក​អេស៊ីប។ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ទាល់​តែ​សោះ បន្លឺ​ថា:

6 យើង​បាន​យក​អំរែក​ដ៏​ធ្ងន់​ចុះ​ពី​ស្មា​អ្នក ហើយ​ក៏​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ដៃ​អ្នក​ដែរ!

7 នៅ​គ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​ស្រែក​ហៅ​យើង យើង​ក៏​បាន​ជួយ​រំដោះ​អ្នក យើង​បាន​ឆ្លើយ​តប​ពី​ក្នុង​ខ្យល់​ព្យុះ យើង​បាន​ល្បង‌ល​មើល​ចិត្ត​អ្នក នៅ​ប្រភព​ទឹក​មេរី‌បា។​ - សម្រាក

8 ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំលឹក​ដាស់‌តឿន​អ្នក ឱ​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង

9 កុំ​ឲ្យ​មាន​ម្ចាស់​ណា​មួយ​ទៀត នៅ​ក្នុង​ចំណោម​អ្នក​ឡើយ កុំ​ថ្វាយ‌បង្គំ​ម្ចាស់​ដទៃ​ឲ្យ​សោះ

10 ដ្បិត​យើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ចូរ​បើក​ចិត្ត​ឲ្យ​ទូលាយ យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ពេញ​បរិបូណ៌។

11 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង មិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេ អ៊ីស្រ‌អែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។

12 ហេតុ​នេះ​ហើយ​បាន​ជា​យើង​បណ្ដោយ​គេ ទៅ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន គេ​ក៏​នាំ​គ្នា​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។

13 ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង​ស្ដាប់​ពាក្យ​យើង ប្រសិន​បើ​អ៊ីស្រ‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង

14 យើង​មុខ​ជា​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ យើង​នឹង​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​គេ មួយ​រំពេច​ជា​មិន​ខាន។

15 អស់​អ្នក​ដែល​ស្អប់​អុលឡោះ‌តាអាឡា នឹង​នាំ​គ្នា​មក​ចុះ​ចូល​នឹង​ទ្រង់ ហើយ​អ៊ីស្រ‌អែល​នឹង​បាន​សុខ‌សាន្ត​រហូត​ត​ទៅ។

16 អុលឡោះ​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ មក​ឲ្យ​អ៊ីស្រ‌អែល​បរិភោគ ព្រម​ទាំង​ឲ្យ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ យ៉ាង​បរិបូណ៌​ផង។

© 2014 United Bible Societies, UK.

United Bible Societies