ចិត្តមេត្តាករុណារបស់អុលឡោះប្រសើរលើសជីវិតទៅទៀតទំនុករបស់ណាពីទត នៅគ្រាដែលគាត់នៅវាលរហោស្ថានស្រុកយូដា ។ 1 ឱអុលឡោះអើយ! ទ្រង់ពិតជាម្ចាស់នៃខ្ញុំមែន ខ្ញុំស្វែងរកទ្រង់ ខ្ញុំចង់នៅក្បែរទ្រង់ណាស់ ខ្ញុំចង់នៅជាប់ជាមួយទ្រង់ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។ 2 ខ្ញុំបានឃើញទ្រង់នៅក្នុងទីសក្ការៈ ខ្ញុំបានឃើញអំណាច និងសិរីរុងរឿងរបស់ទ្រង់ 3 ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ ប្រសើរលើសជីវិតទៅទៀត ខ្ញុំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងទ្រង់។ 4 ខ្ញុំនឹងអរគុណទ្រង់ អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងលើកដៃឡើង ថ្វាយបង្គំនាមទ្រង់។ 5 ខ្ញុំនឹងបានសប្បាយ មានសុខដុមរមនា ហើយខ្ញុំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងទ្រង់។ 6 ពេលខ្ញុំចូលដំណេក ខ្ញុំនឹកដល់ទ្រង់ ហើយពេញមួយយប់ ខ្ញុំរិះគិតអំពីទ្រង់ 7 ដ្បិតទ្រង់ជួយខ្ញុំ ខ្ញុំច្រៀងយ៉ាងសប្បាយ ក្រោមម្លប់បារមីទ្រង់។ 8 ចិត្តគំនិតខ្ញុំ នៅជាប់ជំពាក់នឹងទ្រង់ជានិច្ច ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់។ 9 រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតខ្ញុំ សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។ 10 សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ 11 ពេលនោះ ស្តេចនឹងមានអំណរ ដោយនាមអុលឡោះ អ្នកណាស្បថក្នុងនាមអុលឡោះ អ្នកនោះនឹងលើកតម្កើងទ្រង់ រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies