ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 62 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 62

នៅ​ជិត​អុលឡោះខ្ញុំ​មាន​សេចក្ដី​សុខ‌សាន្ត
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សម្រាប់​លោក​យេឌូ‌ថិន​ ។ ទំនុក​របស់​ណាពី​ទត។

1 មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។

2 ទ្រង់​តែ​មួយ​គត់​ជា​ថ្ម‌ដា ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ ទ្រង់​ជា​កំពែង​ដ៏​រឹង‌មាំ ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។

3 តើ​អ្នក​រាល់​គ្នា​ចោម‌រោម​វាយ ប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា? អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្ស ដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌ‌ទ្រោម និង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ?

4 អ្នក​រាល់​គ្នា​ចង់​ឲ្យ​តែ​អ្នក​នោះ បាត់​បង់​យស‌ស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក មាត់​អ្នក​រាល់​គ្នា​ឲ្យ​ពរ តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។ - សម្រាក

5 ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ទ្រង់​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។

6 ទ្រង់​តែ​មួយ​គត់​ជា​ថ្ម‌ដា ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ ទ្រង់​ជា​កំពែង​ដ៏​រឹង‌មាំ ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរា‌ជ័យ​ឡើយ។

7 ការ​សង្គ្រោះ និង​សិរី‌រុង‌រឿង​របស់​ខ្ញុំ ស្ថិត​នៅ​លើ​អុលឡោះ​ទាំង​ស្រុង អុលឡោះ​ជា​ថ្ម‌ដា​ដ៏​រឹង‌មាំ និង​ជា​ទី​ជំរក​របស់​ខ្ញុំ។

8 ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ទ្រង់ គ្រប់​ពេល​វេលា​ទៅ ចូរ​ជម្រាប​ទ្រង់ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​អុលឡោះ​ជា​ជំរក​របស់​យើង។

9 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។

10 មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។ ប្រសិន​បើ​ទ្រព្យ‌សម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួន ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។

11 ខ្ញុំ​ឮ​អុលឡោះ​មាន​បន្ទូល មួយ​លើក​ជា​ពីរ​លើក​ថា ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ទ្រង់​ទាំង​អស់

12 ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

© 2014 United Bible Societies, UK.

United Bible Societies