ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 40 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 40

ខ្ញុំ​ទន្ទឹង​រង់‌ចាំ​អុលឡោះ
គីតាបសាបូរ​របស់​ណាពី​ទត។

1 ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​ស្តាប់ សំរែក​សូម‌អង្វរ​របស់​ខ្ញុំ។

2 ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។

3 ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចំរៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា។

4 មាន​សុភ‌មង្គល​ហើយ មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ព្រះ​បោក​បញ្ឆោត!។

5 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​បាន​សំដែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ទ្រង់​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ខ្ញុំ​មិន​អាច​ពណ៌នា​អស់​ឡើយ។

6 ទ្រង់​មិន​ចង់​បាន​គូរបាន​ឬ​ជំនូន​អ្វី​ទេ តែ​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ ឲ្យ​ចេះ​ស្ដាប់​ទ្រង់ ទ្រង់​មិន​ទាម‌ទារ​គូរបាន​ដុត ឬ គូរបាន​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។

7 ដូច្នេះ ខ្ញុំ​ពោល​ថា អុលឡោះ‌តាអាឡា ខ្ញុំ​មក​រក​ទ្រង់ ទាំង​កាន់​គីតាប​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ។

8 ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម បំណង​របស់​ទ្រង់ ហើយ​ហ៊ូកុំ​របស់​ទ្រង់​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ជា‌និច្ច​ ។

9 ខ្ញុំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ជ្រាប​ហើយ​ថា ខ្ញុំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។

10 ខ្ញុំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់ ទុក​ក្នុង​ចិត្ត​ខ្ញុំ​ទាល់​តែ​សោះ ខ្ញុំ​តែងតែ​ប្រកាស​ពី​ចិត្ត ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ចិត្ត​មេត្តា‌ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ទ្រង់​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។

11 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ដឹង​ថា​ទ្រង់​តែងតែ អាណិត​មេត្តា​ខ្ញុំ​ឥត​ឈប់​សោះ​ឡើយ ចិត្ត​មេត្តា‌ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ទ្រង់​តែងតែ​តាម​ការពារ​ខ្ញុំ​ជា‌និច្ច។

12 មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ខ្ញុំ កំហុស​របស់​ខ្ញុំ​ផ្ទាល់​បាន​តាម​យាយី​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ កំហុស​ខ្ញុំ​មាន​ចំនួន​ច្រើន​ជាង សរសៃ​សក់​របស់​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​លែង​មាន​កម្លាំង ប្រឈម​មុខ​ទៀត​ហើយ។

13 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មេត្តា​រំដោះ​ខ្ញុំ​ផង! អុលឡោះ‌តាអាឡាអើយ សូម​មក​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់!

14 សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ខ្ញុំ ត្រូវ​អាប់‌អោន និង​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត នឹង​ទុក្ខ​វេទនា​របស់​ខ្ញុំ ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!

15 សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ខ្ញុំ ត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស

16 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ទ្រង់! សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ទ្រង់ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា!»។

17 ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត តែ​អុលឡោះ‌តាអាឡា​បាន​គិត‌គូរ​ដល់​ខ្ញុំ។ ទ្រង់​តែងតែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​កុំ​បង្អង់​ឡើយ!

© 2014 United Bible Societies, UK.

United Bible Societies