ស្តេចដ៏ឧត្ដមគីតាបសាបូររបស់ណាពីទត។ 1 ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ! 2 គឺទ្រង់ហើយដែលបានចាក់គ្រឹះផែនដី ពីលើសមុទ្រ ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹង ពីលើទន្លេនានា។ 3 តើនរណាអាចឡើងទៅលើភ្នំ របស់អុលឡោះតាអាឡាបាន? តើនរណាអាចឈរនៅក្នុងកន្លែង ដ៏វិសុទ្ធរបស់ទ្រង់បាន? 4 មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។ 5 អុលឡោះតាអាឡានឹងប្រទានពរដល់គេ ហើយអុលឡោះសង្គ្រោះ នឹងប្រោសគេឲ្យបានសុចរិតដែរ។ 6 គឺអ្នកទាំងនេះហើយដែលស្វែងរកទ្រង់ ជាអ្នកស្វែងរកអុលឡោះជាម្ចាស់របស់យ៉ាកកូប។ - សម្រាក 7 ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យស្តេច ប្រកបដោយសិរីរុងរឿងចូលមក! 8 តើស្តេចប្រកបដោយ សិរីរុងរឿងនេះជានរណា? -អុលឡោះតាអាឡាប្រកបដោយអំណាចដ៏ខ្លាំងពូកែ អុលឡោះតាអាឡាជាអ្នកចំបាំងដ៏ជំនាញ។ 9 ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យស្តេច ប្រកបដោយសិរីរុងរឿងចូលមក! 10 តើស្តេចប្រកបដោយ សិរីរុងរឿងនេះជានរណា? -អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល* គឺទ្រង់ហើយដែលជាស្តេច ប្រកបដោយសិរីរុងរឿង!។ - សម្រាក |
© 2014 United Bible Societies, UK.
United Bible Societies