មនុស្សល្អមិនដែលរង្គើទេ1 ចូរសរសើរតម្កើងអុលឡោះតាអាឡា! អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយពេញចិត្តនឹងគោរពតាមបញ្ជារបស់ទ្រង់ អ្នកនោះមានសុភមង្គលហើយ! 2 ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតអុលឡោះនឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ 3 នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។ 4 ក្នុងទីងងឹត មានពន្លឺលេចឡើង បំភ្លឺមនុស្សទៀងត្រង់ ដែលមានចិត្តប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។ 5 អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។ 6 មនុស្សល្អនឹងបានសុខជានិច្ច គេនឹងរំលឹកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។ 7 គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹង ហើយផ្ញើជីវិតលើអុលឡោះតាអាឡាទាំងស្រុង។ 8 គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។ 9 គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។ 10 ពេលមនុស្សអាក្រក់ឃើញដូច្នេះ ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ ហើយរលាយសូន្យទៅ មនុស្សអាក្រក់ ពុំដែលបានសម្រេចដូចបំណងឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies