ទំនុកតម្កើង 111 - អាល់គីតាបស្នាដៃដ៏អស្ចារ្យរបស់អុលឡោះ 1 ចូរសរសើរតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងលើកតម្កើងអុលឡោះតាអាឡា យ៉ាងអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។ 2 អុលឡោះតាអាឡាបានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាដៃនេះ នាំគ្នាស្វែងយល់។ 3 ស្នាដៃរបស់ទ្រង់ប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ។ 4 ទ្រង់ពេញចិត្តឲ្យយើង នឹកដល់ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ អុលឡោះតាអាឡាតែងតែប្រណីសន្ដោស ហើយប្រកបដោយចិត្តអាណិតអាសូរ។ 5 ទ្រង់ប្រទានអាហារឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ ទ្រង់តែងនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច។ 6 ទ្រង់សំដែងអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ តាមរយៈស្នាដៃរបស់ទ្រង់ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។ 7 ស្នាដៃដែលទ្រង់ធ្វើ សុទ្ធតែពិត និងប្រាកដប្រជា ឱវាទរបស់ទ្រង់ គួរឲ្យជឿទុកចិត្តទាំងស្រុង។ 8 បញ្ជាទាំងនោះនៅស្ថិតស្ថេររហូត ព្រោះទ្រង់មានបន្ទូល ដោយសេចក្ដីពិត និងត្រឹមត្រូវ។ 9 ទ្រង់បានរំដោះប្រជារាស្ត្ររបស់ទ្រង់ ឲ្យមានសេរីភាព ទ្រង់បានចងសម្ពន្ធមេត្រីជាមួយ ប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ នាមរបស់ទ្រង់ជានាមដ៏វិសុទ្ធ គួរឲ្យកោតស្ញប់ស្ញែង។ 10 ការគោរពកោតខ្លាចអុលឡោះតាអាឡា ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងទ្រង់រហូតតទៅ! |
© 2014 United Bible Societies, UK.
United Bible Societies