ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ជន‌គណនា 12 - អាល់គីតាប អាល់គីតាប
ជន‌គណនា 12

សាទី​ម៉ារៀម និង​ហារូន នាំ​គ្នា​រអ៊ូ‌រទាំ សាទី​ម៉ារៀម​កើត​ឃ្លង់

1 មារ៉ាម និង​ហារូន​មាន​ប្រសាសន៍​ជំទាស់​នឹង​ម៉ូសា ស្តី​អំពី​ស្ត្រី​សាសន៍​គូស​ដែល​គាត់​បាន​យក​មក​ធ្វើ​ជា​ភរិយា។

2 អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​ពុំ​មែន​មាន​បន្ទូល​មក​ម៉ូសា​តែ​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​មាន​បន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះអុលឡោះ‌តាអាឡា​ទ្រង់​ឮ​ពាក្យ​នេះ។

3 ម៉ូសា​សុភាព​រាប‌សា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែនដី​នេះ។

4 រំពេច​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា ហារូន និង​ម៉ារៀម​ថា៖ «ចូរ​អ្នក​ទាំង​បី​នាំ​គ្នា​ចេញ​ទៅ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទៅ!»។ អ្នក​ទាំង​បី​ក៏​ចេញ​ទៅ​ទាំង​អស់​គ្នា។

5 អុលឡោះ‌តាអាឡា​ចុះ​មក​ជា​មួយ​ដុំ​ពពក ហើយ​នៅ​មាត់​ទ្វារ​ជំរំ។ អុលឡោះ​ហៅ​ហារូន និង​ម៉ារៀម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ទ្រង់។

6 អុលឡោះ​មាន​បន្ទូល​ថា៖ ចូរ​ស្តាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ណាពី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជាអុលឡោះ‌តាអាឡា សំដែង​ឲ្យ​ណាពី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ​តាម​រយៈ​សុបិន​និមិត្ត។

7 ចំណែក​ឯ​ម៉ូសា ដែល​ជា​អ្នក​បម្រើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។

8 យើង​និយាយ​ទៅ​កាន់​ម៉ូសា​ដោយ​ផ្ទាល់ យើង​សំដែង​ឲ្យ​ម៉ូសា​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសា​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសា​ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។

9 អុលឡោះ‌តាអាឡា​ខឹង​នឹង​អ្នក​ទាំង​ពីរ ហើយ​អុលឡោះ​ក៏​ចាក​ចេញ​ទៅ។

10 ពពក​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ជំរំ​ដែរ។ ពេល​នោះ ម៉ារៀម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ ហារូន​បែរ​ទៅ​រក​ម៉ារៀម ឃើញ​គាត់​កើត​ឃ្លង់។

11 គាត់​ក៏​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​លោក​ប្អូន​មេត្តា​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!

12 សូម​កុំ​ឲ្យ​ម៉ារៀម ដូច​កូន​ដែល​កើត​មក​ស្លាប់ មាន​ស្បែក​រយីក​រយាក​ដូច្នេះ​ឡើយ!»។

13 ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱ​អុលឡោះ​អើយ សូម​មេត្តា​ប្រោស​បង​ម៉ារៀម ឲ្យ​បាន​ជា​ឡើង​វិញ​ផង!»។

14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​វិញ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​គាត់​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គាត់ តើ​គាត់​ត្រូវ​បាក់​មុខ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ មែន ឬ​មិន​មែន? ដូច្នេះ ចូរ​បណ្តេញ​គាត់​ឲ្យ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​ជំរំ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គាត់​អាច​វិល​មក​វិញ​បាន»។

15 គេ​ឲ្យ​ម៉ារៀម នៅ​ខាង​ក្រៅ​ជំរំ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ពេល​នោះ ប្រជា‌ជន​មិន​ចេញ​ដំណើរ​ទៅ​មុខ​ឡើយ គឺ​គេ​នៅ​រង់​ចាំ​រហូត​ដល់​សាទី​ម៉ារៀម​អាច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។

16 បន្ទាប់​មក ប្រជា‌ជន​ចាក​ចេញ​ពី​ហាសិរ៉ូត ទៅ​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។

© 2014 United Bible Societies, UK.

United Bible Societies