ត្រែធ្វើអំពីប្រាក់1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «ចូរធ្វើត្រែពីរអំពីប្រាក់ដែលមានក្បាច់រចនា។ ត្រែទាំងពីរនេះប្រើ សម្រាប់កោះហៅសហគមន៍ឲ្យជួបជុំគ្នា និងប្រកាសរើជំរំចេញដំណើរ។ 3 ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំវិញអ្នក ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 4 ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និងពួកមេទ័ពរបស់ជនជាតិអ៊ីស្រអែល ត្រូវប្រមូលគ្នានៅជុំវិញអ្នក។ 5 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។ 6 ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។ 7 នៅពេលប្រមូលផ្តុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។ 8 ពួកអ៊ីមុាំ ជាកូនចៅរបស់ហារូន ជាអ្នកផ្លុំត្រែ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។ 9 ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីខ្មាំងសត្រូវ។ 10 នៅថ្ងៃដែលអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយបុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែ នៅពេលធ្វើគូរបានដុត និងគូរបានមេត្រីភាព ដើម្បីឲ្យអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា»។ ជនជាតិអ៊ីស្រអែលធ្វើដំណើរពីវាលរហោស្ថានស៊ីណៃ ឆ្ពោះទៅព្រំប្រទល់ស្រុកម៉ូអាប់ ការចេញដំណើរពីវាលរហោស្ថានស៊ីណៃ11 នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពកបានអណ្តែតឡើងពីជំរំសក្ការៈនៃសន្ធិសញ្ញា។ 12 ជនជាតិអ៊ីស្រអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយដែលកំណត់ទុកស្តីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។ 13 ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 14 ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអមីណាដាប់ 15 កងពលរបស់កុលសម្ព័ន្ធអ៊ីសាខារ ដឹកនាំដោយលោកនេថានេល ជាកូនរបស់លោកស៊ូហារ 16 និងកងពលរបស់កុលសម្ព័ន្ធសាប់យូឡូន ដឹកនាំដោយលោកអេលាប ជាកូនរបស់លោកហេឡូន។ 17 គេបានរើជំរំសក្ការៈ ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងជំរំសក្ការៈនោះចេញដំណើរទៅ។ 18 បន្ទាប់មក ទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេនដឹកនាំដោយលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ 19 កងពលរបស់កុលសម្ព័ន្ធស៊ីម្មាន ដឹកនាំដោយលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ 20 និងកងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលាសាប់ជាកូនរបស់លោកដេអ៊ូអែល។ 21 បន្ទាប់មក កូនចៅកេហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងជំរំសក្ការៈមុនពួកគេទៅដល់។ 22 បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ 23 កងពលរបស់កុលសម្ព័ន្ធម៉ាណាសេដឹកនាំដោយលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ 24 និងកងពលរបស់កុលសម្ព័ន្ធពុនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។ 25 ក្រោយគេបង្អស់ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ 26 កងពលរបស់កុលសម្ព័ន្ធអេស៊ើរ ដឹកនាំដោយលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន 27 និងកងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ាជាកូនរបស់លោកអេណាន់។ 28 ជនជាតិអ៊ីស្រអែលនាំគ្នាចេញដំណើរ ជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។ 29 ម៉ូសាមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់គាត់ថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដីដែលអុលឡោះតាអាឡាសន្យាប្រទានឲ្យពួកយើង។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្តល់ឲ្យបងមានសុភមង្គល ដែលអុលឡោះតាអាឡាបានសន្យាប្រទានឲ្យជនជាតិអ៊ីស្រអែល»។ 30 លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។ 31 ម៉ូសាមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។ 32 ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងឲ្យបងបានសប្បាយរួមជាមួយពួកយើង នៅពេលអុលឡោះតាអាឡាប្រទានពរមកពួកយើង»។ 33 ជនជាតិអ៊ីស្រអែលនាំគ្នាចាកចេញពីភ្នំរបស់អុលឡោះតាអាឡា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡានៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។ 34 ពេលពួកគេរើជំរំចេញដំណើរ ពពករបស់អុលឡោះតាអាឡាស្ថិតពីលើពួកគេ នៅពេលថ្ងៃ។ 35 ពេលហិបរបស់អុលឡោះតាអាឡាចេញដំណើរ ម៉ូសាបន្លឺសំឡេងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ទ្រង់ ត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់អុលឡោះត្រូវបាក់ទ័ពនៅចំពោះទ្រង់!»។ 36 ពេលគេដាក់ហិបចុះ លោកនិយាយថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមមកនៅជាមួយជនជាតិអ៊ីស្រអែលដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។ |
© 2014 United Bible Societies, UK.
United Bible Societies