ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 29 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 29

1 ម៉ូសា​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​និយាយ​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​ធ្វើ​ចំពោះ​ស្តេច​ហ្វៀរ៉អ៊ូន និង​មន្ត្រី ព្រម​ទាំង​ប្រជា‌រាស្ត្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។

2 អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ដាក់​ទោស​ពួក​គេ យ៉ាង​ធ្ងន់‌ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ការ​អស្ចារ្យ​ដ៏​ធំៗ​របស់​អុលឡោះ។

3 ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ពុំ​ទាន់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក ដែល​អាច​ស្តាប់​ឮ​ទេ។

4 “យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ដែល​រេច​រិល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។

5 អ្នក​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង អ្នក​រាល់​គ្នា​មិន​បាន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ទេ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​មែន”។

6 ពេល​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្តេច​ក្រុង​ហែស‌បូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យ​ជំនះ​លើ​ពួក​គេ។

7 ពួក​យើង​ដណ្តើម​យក​បាន​ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ចំនួន​ពាក់​កណ្តាល​ទុក​ជា​ចំណែក​មត៌ក។

8 ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្តី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ជោគ​ជ័យ ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។

9 ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុល‌សម្ព័ន្ធ ក្រុម​អះលី‌ជំអះ ពួក​មេ‌ទ័ព​ប្រុសៗ​ទាំង​អស់

10 រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស រហូត​ដល់​អ្នក​រែក​ទឹក។

11 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។

12 ធ្វើ​ដូច្នេះ​អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ ហើយ​ទ្រង់​ធ្វើ​ជា​ម្ចាស់​របស់​អ្នក ដូច​ទ្រង់​មាន​បន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ជា​បុព្វ‌បុរស​របស់​អ្នក។

13 អុលឡោះ‌តាអាឡា​មិន​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ

14 គឺ​អុលឡោះ​ចង​ជា​មួយ​អស់​អ្នក ដែល​មាន​មុខ​ជា​មួយ​ពួក​យើង នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​កើត​ដែរ។

15 អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង​ឡាយ​របៀប​ណា។

16 អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​បដិមា‌ករ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ឬ​ពី​ប្រាក់ និង​មាស​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។

17 ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទោះ​បី​ប្រុស​ក្តី ស្ត្រី​ក្តី ឬ​អំបូរ​ណា​មួយ ឬ​កុល‌សម្ព័ន្ធ​ណា​មួយ​ក្តី បែរ​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​នា​នា​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ប្ញស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ជូរ​ចត់​ឡើយ។

18 ក្រោយ​ពី​បាន​ឮ​ពាក្យ​សច្ចា​ដ៏​ឱឡារឹក​នេះ​ហើយ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្តី ខ្ញុំ​នៅ​តែ​មាន​សេចក្តី​សុខ​ជា​និច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។

19 អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​អត់​ទោស​ឲ្យ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ កំហឹង និង​សេចក្តី​ប្រច័ណ្ឌ​របស់អុលឡោះ‌តាអាឡា មុខ​ជា​ឆាប​ឆេះ​គេ បណ្តាសា​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយអុលឡោះ‌តាអាឡា​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។

20 អុលឡោះ‌តាអាឡា​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុល‌សម្ព័ន្ធ​នា​នា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​រង​ទុក្ខ​វេទនា​ស្រប​តាម​បណ្តាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ។

21 កូន​ចៅ​របស់​អ្នក​រាល់​គ្នា ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា:

22 “ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆាប​ឆេះ ហើយ​មាន​តែ​ស្ពាន់‌ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ដែលអុលឡោះ‌តាអាឡា​បំផ្លាញ ដោយ​សារ​កំហឹង​ដ៏​ខ្លាំង​ក្លា”។

23 ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​យ៉ាង​ខ្លាំង​បែប​នេះ?”។

24 គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធ‌មេត្រី ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ដែល​ទ្រង់​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

25 ពួក​គេ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ ហើយ​ថែម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង គឺ​ព្រះ​ដែល​ពួក​គេ​ពុំ​ស្គាល់ ហើយអុលឡោះ‌តាអាឡា​ក៏​ពុំ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ថ្វាយ‌បង្គំ​ដែរ។

26 ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្រុក​នេះ។ អុលឡោះ​ធ្វើ​ឲ្យ​បណ្តាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ កើត​មាន​ដល់​ពួក​គេ។

27 អុលឡោះ‌តាអាឡា​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ដោយ​ចិត្ត​ខឹង​យ៉ាង​ខ្លាំង​បំផុត ហើយ​ទ្រង់​យក​ពួក​គេ​ទៅ​បោះ​ចោល​នៅ​ស្រុក​មួយ​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ។

28 មាន​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ទ្រង់​បើក​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​តរៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ទ្រង់​សំដែង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គិតាប​នៃ​ហ៊ូកុំ​នេះ»។

© 2014 United Bible Societies, UK.

United Bible Societies