1 សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះកិត្តិនាមរបស់ព្រះអង្គ។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ 2 ពេលព្រះអង្គសម្តែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យ ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ គឺនៅពេលព្រះអង្គយាងចុះមក ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពុំខាន។ 3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើព្រះអង្គឡើយ គឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ 4 ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធ នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ព្រះអង្គ។ 5 យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។ 6 គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។ 7 ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ របស់ព្រះអង្គ។ 8 ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។ 9 ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។ 10 ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា សរសើរតម្កើងព្រះនាមរបស់ព្រះអង្គ បានត្រូវភ្លើងឆាបឆេះអស់ អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង ក៏ត្រូវវិនាសដែរ។ 11 ឱព្រះអម្ចាស់អើយ ពេលព្រះអង្គទតឃើញដូច្នេះ តើព្រះអង្គនៅស្ងៀមកើតឬ? តើព្រះអង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ អាម៉ាស់ងើបមុខមិនរួចឬ? |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies