1 ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប ដូចជាគោញីនៅស្រុកបាសានអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ: អ្នករាល់គ្នាជិះជាន់ជនទុគ៌ត សង្កត់សង្កិនជនក្រីក្រ ហើយពោលទៅប្ដីរបស់ខ្លួនថា “ចូរយកស្រាមកផឹក!”។ 2 ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖ «នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា ដូចដោតត្រី។ 3 អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ៊ីស្រាអែលលែងញញើតនឹងប្រព្រឹត្តអំពើបាប4 «ចូរទៅបេតអែល ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ! ចូរទៅគីលកាល ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ! ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក! ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី! 5 កូនចៅអ៊ីស្រាអែលអើយ ចូរធ្វើយញ្ញបូជាអរព្រះគុណជាមួយមេម្សៅ ចូរស្រែកប្រកាសក្ដែងៗថា អ្នករាល់គ្នាបានថ្វាយតង្វាយស្ម័គ្រចិត្ត ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 6 យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង រហូតដល់បីខែមុនរដូវចម្រូត។ យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ តែក្រុងមួយទៀតគ្មានភ្លៀងទេ ចម្ការមួយទទួលទឹកភ្លៀង រីឯចម្ការមួយទៀតត្រូវស្ងួតហួតហែង ព្រោះតែគ្មានទឹកភ្លៀង។ 8 ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក នៅក្រុងមួយទៀត តែគេគ្មានទឹកល្មម ដើម្បីសំរន់ការស្រេកទេ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា ស្កក និងមានក្រាស៊ី ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10 យើងបានធ្វើឲ្យជំងឺអាសន្នរោគ រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។ យើងបានឲ្យខ្មាំងប្រហារយុវជន របស់អ្នករាល់គ្នាដោយមុខដាវ ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។ យើងបានធ្វើឲ្យមានក្លិនអសោច សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 11 យើងបានបំផ្លាញអ្នករាល់គ្នា ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស ដែលគេយកចេញពីភ្លើង។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 ហេតុនេះ អ៊ីស្រាអែលអើយ យើងនឹងដាក់ទោសអ្នករាល់គ្នា។ អ៊ីស្រាអែលអើយ ដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះ ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។ 13 មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់ ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី ព្រះអង្គមាននាមថាព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies