ព្រះបន្ទូលសន្យា1 អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។ 2 ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា: សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោបា។ 3 ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។ 4 «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ ឲ្យបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។ 5 យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ចុះមក ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាក់ឫសដូចដើមឈើនៅ ស្រុកលីបង់។ 6 ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ និងមានគន្ធពិដោរក្រអូប ដូចព្រៃនៅស្រុកលីបង់។ 7 អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។ ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះល្បីល្បាញដូចស្រា នៅស្រុកលីបង់។ 8 អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង ទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយតប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។ 9 តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies