ពាក្យព្រមានមេដឹកនាំ1 ពួកមេដឹកនាំកូនចៅលោកយ៉ាកុប និងពួកអ្នកគ្រប់គ្រងលើ ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។ 2 ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន រហូតដល់បកស្បែកគេ ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។ 3 អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។ 4 អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ ពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។ ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ5 ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីពួកព្យាការី ដែលនាំប្រជាជនរបស់ខ្ញុំឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។ 6 ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ និមិត្តហេតុអស្ចារ្យទៀតហើយ ផ្ទុយទៅវិញ មានតែយប់ងងឹត អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ ផ្ទុយទៅវិញ មានតែភាពអន្ធការ ភាពងងឹតសូន្យសុងនឹងគ្របពីលើ ព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។ 7 ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។ 8 ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង មកពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់។ ព្រះអង្គប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌ និងមានចិត្តក្លាហាន ដើម្បីប្រាប់ពូជពង្សលោកយ៉ាកុប ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន ហើយប្រាប់ប្រជាជនអ៊ីស្រាអែល ឲ្យស្គាល់អំពើបាបរបស់ខ្លួន។ 9 នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។ 10 អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ ហើយសង់ក្រុងយេរូសាឡឹម ដោយជិះជាន់សង្កត់សង្កិនគេ។ 11 ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកម្រៃ ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។ 12 ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies