អ្នកធំប្រើអំណាចជិះជាន់ជនតូចតាច1 អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន! 2 បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្ដើមយកស្រែចម្ការនោះ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។ 3 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរឱនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។ 4 នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នក ទៅសើចលេង ហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា: “ពួកយើងបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!”»។ 5 ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់ បែងចែកដីគ្នា គ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។ អស់អ្នកដែលជំទាស់នឹងពាក្យរបស់ព្យាការី6 មានអ្នកខ្លះពោលថា: “កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ! កុំពោលថា ពួកយើងគេចមិនផុតពី ភាពអាម៉ាស់នោះឡើយ! 7 តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ? តើអ្នកស្មានថា ព្រះអម្ចាស់គ្មានខន្តីឬ? ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។ ខ្ញុំនិយាយតែពាក្យល្អ ចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។ 8 «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវ នឹងប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល ត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។ 9 អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ត្រយើង ចេញពីផ្ទះដែលនាងស្រឡាញ់។ រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យ កូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេ រហូតតទៅដែរ។ 10 ចូរក្រោកឡើង នាំគ្នាដើរចេញទៅ! ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ! អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យ កើតមហន្តរាយយ៉ាងខ្លោចផ្សា។ 11 អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។ ព្រះអម្ចាស់ប្រមូលផ្ដុំជនជាតិអ៊ីស្រាអែលដែលនៅសេសសល់12 «កូនចៅយ៉ាកុបអើយ យើងនឹងប្រមូលផ្ដុំអ្នកទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយ យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។ ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ នៅក្នុងស្រុករបស់អ្នករាល់គ្នា»។ 13 អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា គេទម្លុះកំពែងក្រុង ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ ស្ដេចរបស់អ្នករាល់គ្នាយាងនៅមុខអ្នករាល់គ្នា ដោយមានព្រះអម្ចាស់យាងនៅមុខគេបង្អស់។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies