ព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គបទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។ 2 ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។ 3 កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ មានតែព្រះអង្គទេ ដែលលើកលែងទោសឲ្យយើងខ្ញុំបាន។ 4 មានសុភមង្គលហើយអស់អ្នក ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ របស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ 5 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយ ព្រះអង្គប្រកបដោយសេចក្ដីសុចរិត ព្រះអង្គបានឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ! 6 ព្រះអង្គបានពង្រឹងភ្នំទាំងឡាយឲ្យរឹងមាំ ដោយសារព្រះចេស្ដារបស់ព្រះអង្គ ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។ 7 ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។ 8 អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច មានអំណរសប្បាយដ៏លើសលុប។ 9 ព្រះអង្គថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ព្រះអង្គប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ព្រះអង្គ មានពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ 10 គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើ ព្រះអង្គបានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ 11 នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវ ដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលដ៏ហូរហៀរ។ 12 រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌ ហើយនៅតាមភ្នំនានា ក៏មានពោរពេញទៅដោយអំណរដែរ។ 13 វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលុប!។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies