ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀតទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោស្ថានស្រុកយូដា ។ 1 ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។ 2 ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ 3 ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងព្រះអង្គ។ 4 ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។ 5 ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។ 6 ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ 7 ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយ ក្រោមម្លប់បារមីព្រះអង្គ។ 8 ចិត្តគំនិតទូលបង្គំ នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្ដារបស់ព្រះអង្គ។ 9 រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។ 10 សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ 11 ពេលនោះ ព្រះរាជានឹងមានអំណរ ដោយព្រះនាមព្រះជាម្ចាស់ អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់ អ្នកនោះនឹងលើកតម្កើងព្រះអង្គ រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies