ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 60 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 60

ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌ជាតិ​ក្រោយ​ពេល​បរា‌ជ័យ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ផ្កា​ម្លិះ​បន្ទាល់»។ បទ​ចម្រៀង​របស់​ស្ដេច​ដាវីឌ សម្រាប់​ប្រៀន‌ប្រដៅ។ រំឭក​ពី​គ្រា​ដែល​ព្រះអង្គ​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមា និង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​សូបា ហើយ​នៅ​ពេល​ដែល​លោក​យ៉ូអាប់​វិល​មក​ពី​ច្បាំង​ឈ្នះ​ទ័ព​អេដុម​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ នៅ​វាល​ទំនាប​អំបិល។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។

2 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ និង​ប្រេះ​ចេញ​ពី​គ្នា ឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង ព្រោះ​ផែនដី​កំពុង​រង្គើ។

3 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ព្រះអង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។

4 ព្រះអង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ អាច​គេច​ផុត​ពី​បរា‌ជ័យ ។ - សម្រាក

5 សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ព្រះអង្គ​បាន​រួច​ជីវិត។

6 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ពី​ទីសក្ការៈ​របស់​ព្រះអង្គ មក​ថា: «យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

7 កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

8 ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ ។ យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។

9 តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ ក្នុង​ទីក្រុង​ដ៏​មាំ‌មួន​បាន? តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ស្រុក​អេដុម?

10 ឱ​ព្រះ‌ជាម្ចាស់​អើយ! មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​ឈប់​យាង​ទៅ​ជា​មួយ កង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។

11 សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។

12 បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត របស់​យើង​ឲ្យ​រាប។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies