ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 40

ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់
ទំនុក​របស់​គ្រូ​ចម្រៀង។ ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។

1 ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ។

2 ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។

3 ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។

4 មាន​សុភមង្គល​ហើយ មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ព្រះ​បោក​បញ្ឆោត!។

5 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ព្រះអង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។

6 ព្រះអង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះអង្គ​បាន​បើក​ត្រចៀក​ទូលបង្គំ ឲ្យ​ចេះ​ស្ដាប់​ព្រះអង្គ ព្រះអង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត ឬ យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។

7 ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​មក​រក​ព្រះអង្គ ទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។

8 ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជានិច្ច ។

9 ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។

10 ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះ ទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។

11 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​តែងតែ អាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជានិច្ច។

12 មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូលបង្គំ កំហុស​របស់​ទូលបង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ កំហុស​ទូលបង្គំ​មាន​ចំនួន​ច្រើន​ជាង សរសៃ​សក់​របស់​ទូលបង្គំ​ទៅ​ទៀត ទូលបង្គំ​លែង​មាន​កម្លាំង ប្រឈម​មុខ​ទៀត​ហើយ។

13 ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!

14 សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូលបង្គំ ត្រូវ​អាប់‌ឱន និង​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត នឹង​ទុក្ខ​វេទនា​របស់​ទូលបង្គំ ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!

15 សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ ត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស

16 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ព្រះអង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។

17 ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូលបង្គំ។ ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies