ពាក្យសារភាពរបស់មនុស្សឈឺចុកចាប់ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។ ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។ 2 ខ្ញុំបិទមាត់នៅស្ងៀម គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ! ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។ 3 ខ្ញុំក្ដៅជាខ្លាំង ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា: 4 ឱព្រះអម្ចាស់អើយ សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កម្រិតណា? 5 ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សម្រាក 6 ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។ 7 ឱព្រះអម្ចាស់អើយ បើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី? មានតែព្រះអង្គទេ ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។ 8 សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាប ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត! សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើ មាក់ងាយទូលបង្គំបានឡើយ។ 9 ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។ 10 សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ! ដ្បិតទូលបង្គំស្ទើរតែស្លាប់ ដោយព្រះអង្គវាយទូលបង្គំ។ 11 ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក 12 ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។ 13 សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies