ពាក្យអធិស្ឋានដោយទុកចិត្តកំណាព្យរបស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះអង្គហើយ! 2 ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះអម្ចាស់ នៃទូលបង្គំ ក្រៅពីព្រះអង្គ គ្មានអ្វីប្រសើរសម្រាប់ទូលបង្គំឡើយ!។ 3 ប្រជាជនដ៏វិសុទ្ធ*នៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ទូលបង្គំពេញចិត្តនឹងនៅជាមួយពួកគេណាស់។ 4 រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយទូលបង្គំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ 5 ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។ 6 ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកទូលបង្គំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។ 7 ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។ 8 ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។ 9 ហេតុនេះហើយបានចិត្តទូលបង្គំរីករាយ វិញ្ញាណទូលបង្គំត្រេកអរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។ 10 ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹង ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្តោយឲ្យសព អ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ ។ 11 ព្រះអង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្ដាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies