ពាក្យអង្វរសូមព្រះអម្ចាស់ជួយសង្គ្រោះទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? 2 តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជម្នះលើទូលបង្គំ ដល់កាលណាទៀត? 3 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ 4 ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរាជ័យ។ 5 ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្ត លើព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ចិត្តទូលបង្គំត្រេកអរសប្បាយ ព្រោះព្រះអង្គសង្គ្រោះទូលបង្គំ។ 6 ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies