ព្រះអម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយបទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ 2 យើងសើចសប្បាយជានិច្ច យើងស្រែកជយឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេបានពោលថា: «ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ 3 ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ 4 ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានឲ្យ យើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។ 5 អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ 6 អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies