ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ណាហ៊ុម 2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ណាហ៊ុម 2

1 កង‌ទ័ព​ខ្មាំង​ឡើង​មក​វាយ​សម្រុក​អ្នក​ហើយ! ចូរ​ការពារ​កំពែង​ក្រុង​របស់​អ្នក ចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំង និង​មាន​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង។

2 អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ដែល​ពួក​ចោរ​ប្លន់​កម្ទេច​មែក​ធាង​អស់។ ព្រះ‌អម្ចាស់​នឹង​យាង​មក​លើក​កិត្តិយស របស់​កូន​ចៅ​លោក​យ៉ាកុប ហើយ​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​បាន​រុងរឿង ដូច​ដើម​ឡើង​វិញ។

3 ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ ខែល​ពណ៌​ក្រហម អ្នក​ចម្បាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។ នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀបចំ​ខ្លួន​ចេញ​ទៅ​ច្បាំង នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចម្បាំង របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិន‌ឆ្អៅ លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូង‌ច្រាង។

4 រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ ឆ្លង​កាត់​ទី​លាន​ក្រុង មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។

5 ស្ដេច​ក្រុង​នីនីវេ​កោះ​ហៅ​មេ‌ទ័ព​របស់​ខ្លួន ប៉ុន្តែ អ្នក​ទាំង​នោះ​ដើរ ទាំង​ញ័រ​ក្បាល​ជង្គង់។ សត្រូវ​សម្រុក​ចូល​ទៅ​រក​កំពែង​ក្រុង ហើយ​ដំឡើង​គ្រឿង​ការពារ​ខ្លួន។

6 ទ្វារ​ក្រុង​ដែល​បែរ​មុខ​ទៅ​រក​ទន្លេ ត្រូវ​របើក វាំង​ស្ដេច​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន។

7 ខ្មាំង​យក​បាន​រូប​ទេព‌ធីតា​របស់​ពួក​គេ ហើយ​នាំ​យក​ទៅ។ ស្រីៗ​ដែល​នៅ​ថែ​ទាំ​រូប​នោះ​នាំ​គ្នា​ស្រែក​ថ្ងូរ ដូច​ព្រាប ទាំង​គក់​ទ្រូង​ទៀត​ផង។

8 ប្រជា‌ជន​នៅ​ក្រុង​នីនីវេ​នាំ​គ្នា​រត់​ចេញ ពី​ទី​ក្រុង ប្រៀប​ដូច​ជា​អាង​ទឹក​ដែល​ធ្លាយ ទោះ​បី​មាន​គេ​ហៅ​ឲ្យ​ឈប់ ក៏​គ្មាន​នរណា​បែរ​ក្រោយ​ដែរ។

9 ចូរ​រឹប​អូស​យក​ប្រាក់! ចូរ​រឹប​អូស​យក​មាស! ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​នេះ មាន​ច្រើន​ឥត​គណនា គឺ​គ្រឿង​បរិក្ខារ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។

10 ចូរ​សម្លាប់​រង្គាល ចូរ​កម្ទេច ចូរ​បំផ្លាញ​ឲ្យ​អស់​ទៅ! អ្នក​ក្រុង​នោះ​អស់​កម្លាំង​ចិត្ត ទន់​ជង្គង់ ញ័រ​ខ្លួន និង​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

11 តើ​ទីក្រុង​ដែល​ជា​លំ‌នៅ​របស់​រាជ‌សីហ៍ ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ? ក្រុង​នីនីវេ​ប្រៀប​បាន​នឹង​កន្លែង​ដែល សិង្ហ​ស្ទាវ​រស់​នៅ។ ពេល​សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ដើរ​រក​ស៊ី គ្មាន​នរណា​ហ៊ាន​មក​រំខាន​កូន​របស់​វា​ទេ។

12 សិង្ហ​ឈ្មោល​ចាប់​រំពា និង​ហែក​សាច់ យក​មក​ឲ្យ​សិង្ហ​ញី និង​កូន​សិង្ហ​ស៊ី វា​ពាំ​សាក‌សព​សត្វ​មក​ដាក់​ពេញ​រូង​របស់​វា។

13 នីនីវេ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដុត​កម្ទេច​រទេះ​ចម្បាំង​របស់​អ្នក ឲ្យ​ទៅ​ជា​ផេះ។ ពួក​យុវជន​របស់​អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​បញ្ឈប់​អ្នក លែង​ឲ្យ​រឹប​អូស​យក ទ្រព្យ​សម្បត្តិ​ពី​អ្នក​ដទៃ ហើយ​គេ​នឹង​លែង​ឮ​សូរ​សំឡេង​ពួក​ប្រតិភូ របស់​អ្នក​ទៀត​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies