1 នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានបន្ទូលដូច្នេះថា 2 មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម 3 នៅថ្ងៃនោះ អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្ម ដែលសង្កត់លើអស់ទាំងសាសន៍ អស់អ្នកណាដែលយកជាបន្ទុកលើខ្លួន នោះនឹងត្រូវរបួសជាធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ 4 ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក 5 ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ 6 នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង 7 ព្រះយេហូវ៉ា ទ្រង់នឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ នឹងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានដំកើងឡើងលើសជាងពួកយូដាឡើយ 8 នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។ 9 នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម។ 10 អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន 11 នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ 12 ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសារដោយខ្លួនៗ គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន 13 គ្រួពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន 14 ឯអស់គ្រួសារឯទៀត នោះគ្រប់ទាំងគ្រួដោយខ្លួន នឹងប្រពន្ធគេដោយខ្លួនដែរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia