ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។ 1 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អស់ទាំងទីដែលទ្រង់ស្ថិតនៅ នោះគួរស្រឡាញ់ណាស់ហ្ន៎ 2 ព្រលឹងទូលបង្គំរឭក អើ ក៏កន្លេងចិត្ត ដោយនឹកដល់ទីលាននៃព្រះយេហូវ៉ា ចិត្ត នឹងសាច់ឈាមទូលបង្គំ ស្រែកអាល័យដល់ព្រះដ៏មានព្រះជន្មរស់នៅ 3 ឱព្រះយេហូវ៉ានៃពួកពលបរិវារ ដែលជាមហាក្សត្រ ហើយជាព្រះនៃទូលបង្គំអើយ ទោះទាំងចាបក៏រកទីនៅបាន ហើយសត្វត្រចៀកកាំ ក៏បានសំបុកសំរាប់ខ្លួន ជាកន្លែងដែលដាក់កូនបានដែរ គឺជាអាសនានៃទ្រង់ 4 មានពរហើយ អស់អ្នកណាដែលអាស្រ័យនៅ ក្នុងដំណាក់ទ្រង់ គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច។ –បង្អង់ 5 ៙ មានពរហើយ មនុស្សណាដែលយកទ្រង់ជាកំឡាំង របស់ខ្លួន ជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ 6 កាលណាអ្នកនោះដើរកាត់ច្រកនៃសេចក្ដីយំសោក ក៏ធ្វើឲ្យច្រកនោះត្រឡប់ទៅជាទីមានក្បាលទឹកហូរ អើ ទឹកភ្លៀងក៏គ្របដោយពរដែរ 7 ពួកនោះដើរទៅទាំងមានកំឡាំងខ្លាំងឡើងបណ្តើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន 8 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់ 9 ៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមក សូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ 10 ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់ 11 ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យ ហើយជាខែល ព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ 12 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia