Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 85 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មេត្តា​ប្រោស​ដល់​ស្រុក​ទ្រង់ ហើយ​បាន​នាំ​ពួក​យ៉ាកុប​ដែល​ជា​ឈ្លើយ​មក​វិញ

2 ទ្រង់​បាន​អត់​ទោស​ចំពោះ​ការ​ទុច្ចរិត​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​គ្រប​បាំង​អស់​ទាំង​បាប​របស់​គេ​ហើយ។ បង្អង់

3 ៙ ទ្រង់​បាន​ដក​សេចក្ដី​ក្រោធ​នៃ​ទ្រង់​ចេញ​អស់​ហើយ ទ្រង់​បាន​បែរ​ចេញ​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

4 ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ទ្រង់​លែង​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ផង

5 តើ​ទ្រង់​នឹង​ខ្ញាល់​ចំពោះ​យើង​ខ្ញុំ​ជា​ដរាប​ឬ តើ​នឹង​បន្លាយ​សេចក្ដី​ខ្ញាល់​ទ្រង់ ដរាប​ដល់​គ្រប់​ទាំង​ដំណ​ត​ទៅ​ឬ​អី

6 តើ​ទ្រង់​មិន​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដើម្បី​ឲ្យ​រាស្ត្រ​របស់​ទ្រង់​បាន​រីក‌រាយ​ក្នុង​ទ្រង់​ទេ​ឬ​អី

7 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សំដែង​សេចក្ដី​សប្បុរស​របស់ ទ្រង់​ឲ្យ​យើង​ខ្ញុំ​ឃើញ ហើយ​ប្រោស​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ដល់​យើង​ខ្ញុំ​ផង។

8 ៙ ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​នឹង​មាន​បន្ទូល​មក ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ពី​សេចក្ដី​សុខ​ដល់​រាស្ត្រ​ទ្រង់ នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ កុំ​ឲ្យ​តែ​គេ​វិល​ត្រឡប់​ទៅ​ឯ​សេចក្ដី​ចំកួត​ទៀត​ឡើយ

9 ពិត​ប្រាកដ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ នៅ​ជិត​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​ឲ្យ​មាន​សេចក្ដី​រុងរឿង​នៅ​ក្នុង​ស្រុក​របស់​យើង

10 សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់ បាន​ជួប​គ្នា សេចក្ដី​សុចរិត នឹង​សេចក្ដី​មេត្រី បាន​ថើប​គ្នា

11 សេចក្ដី​ពិត​ត្រង់​ពន្លក​ចេញ​ពី​ដី​មក ហើយ​សេចក្ដី​សុចរិត​ក៏​មើល​ពី​លើ​ស្ថាន‌សួគ៌​ដែរ

12 អើ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​ប្រទាន​សេចក្ដី​ដ៏​ល្អ ហើយ​ស្រុក​យើង​នឹង​បង្កើត​ផល​ចំរើន

13 សេចក្ដី​សុចរិត​នឹង​ដើរ​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដាក់​យើង​នៅ​ក្នុង​ផ្លូវ តាម‌ដាន​ព្រះ‌បាទ​ទ្រង់។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម