ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 83 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 83


ទំនុក​ជា​បទ​ចំរៀង​របស់​អេសាភ។

1 ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​ឲ្យ​ទ្រង់​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​ឲ្យ​សំងំ ឬ​ព្រងើយ​នៅ​ឲ្យ​សោះ

2 ដ្បិត​មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​កំពុង​តែ​អ៊ូអែ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ គេ​ធ្វើ​ក្រអឺត‌ក្រអោង

3 គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​គិត‌គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា‌ខាំង

4 គេ​បាន​ថា ចូរ​យើង​កាត់​គេ​ចេញ មិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បាន ហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រាអែល​ទៀត​ឡើយ

5 ដ្បិត​គេ​បាន​ពិគ្រោះ​ព្រម‌ព្រៀង​គ្នា​ហើយ គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ទ្រង់

6 គឺ​អស់​ទាំង​ពួក​សាសន៍​អេដំម សាសន៍​អ៊ីស‌ម៉ាអែល សាសន៍​ម៉ូអាប់ នឹង​សាសន៍​ហាការេន

7 សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេក សាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង

8 ឯ​ស្រុក​អាសស៊ើរ បាន​ពួត‌ដៃ​ជា​មួយ​នឹង​គេ​ដែរ សាសន៍​ទាំង​នោះ​ក៏​ចូល​ដៃ​ជួយ​ពួក​កូន​ចៅ​ឡុត។ បង្អង់

9 ៙ សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​បាន​ធ្វើ​ដល់​សាសន៍​ម៉ាឌាន គឺ​ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីសេរ៉ា នឹង​យ៉ាប៊ីន នៅ​ត្រង់​ស្ទឹង​គីសុន

10 ជា​អ្នក​ដែល​វិនាស​ទៅ នៅ​ត្រង់​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី

11 សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប នឹង​សៀប អើ សូម​ឲ្យ​អស់​ពួក​ចៅហ្វាយ​ក្នុង​សាសន៍​ទាំង​នោះ បាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា

12 ជា​អ្នក​ដែល​និយាយ​ថា ចូរ​យើង​ចាប់​យក​អស់​ទាំង​ទី​លំនៅ​របស់​ព្រះ ទុក​ជា​កេរ្តិ៍អាករ​របស់​យើង​ចុះ

13 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​កួច ដូច​ជា​កំទេច​ចំបើង​ដែល​ផាត់​ទៅ​ដោយ​ខ្យល់

14 ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ហើយ​ដូច​ជា​អណ្តាត​ភ្លើង​ដែល​រាល​ឡើង​ឆេះ​ភ្នំ​ផង

15 សូម​ដេញ​តាម​គេ​ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ ហើយ​ធ្វើ​ឲ្យ​គេ​ភ័យ​ញ័រ ដោយ​ព្យុះ​សង្ឃរា​របស់​ទ្រង់​យ៉ាង​នោះ​ឯង

16 សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន‌ខ្មាស ដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ

17 សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​ជា​ដរាប អើ សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ហើយ​វិនាស​ទៅ

18 ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ‌នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia