Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 84 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​ភ្លេង​គីធីត។

1 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ អស់​ទាំង​ទី​ដែល​ទ្រង់​ស្ថិត​នៅ នោះ​គួរ​ស្រឡាញ់​ណាស់​ហ្ន៎

2 ព្រលឹង​ទូលបង្គំ​រឭក អើ ក៏​កន្លេង​ចិត្ត ដោយ​នឹក​ដល់​ទីលាន​នៃ​ព្រះ‌យេហូវ៉ា ចិត្ត នឹង​សាច់​ឈាម​ទូលបង្គំ ស្រែក​អាល័យ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ

3 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រ ហើយ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បាន ហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរ គឺ​ជា​អាសនា​នៃ​ទ្រង់

4 មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅ ក្នុង​ដំណាក់​ទ្រង់ គេ​នឹង​ចេះ​តែ​សរសើរ​ដល់​ទ្រង់​ជានិច្ច។ –បង្អង់

5 ៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កំឡាំង របស់​ខ្លួន ជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀបចំ​ក្នុង​ចិត្ត​ហើយ

6 កាល​ណា​អ្នក​នោះ​ដើរ​កាត់​ច្រក​នៃ​សេចក្ដី​យំ​សោក ក៏​ធ្វើ​ឲ្យ​ច្រក​នោះ​ត្រឡប់​ទៅ​ជា​ទី​មាន​ក្បាល​ទឹក​ហូរ អើ ទឹក​ភ្លៀង​ក៏​គ្រប​ដោយ​ពរ​ដែរ

7 ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កំឡាំង​ខ្លាំង​ឡើង​បណ្តើរ គ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន

8 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់

9 ៙ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ទត​មក សូម​មើល​ចំ​មុខ​របស់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ

10 ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់ នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀត ទូលបង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូលបង្គំ ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់

11 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ‌អាទិត្យ ហើយ​ជា​ខែល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ

12 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម