ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 25


ទំនុក​នៃ​ស្តេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​លើក ព្រលឹង​ថ្វាយ​ដល់​ទ្រង់

2 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឲ្យ​សោះ

3 ប៉ុន្តែអស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ ដែល​ត្រូវ​ខ្មាស​វិញ

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ដល់​ទូលបង្គំ សូម​បង្រៀន​ទូលបង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់

5 សូម​នាំ ហើយ​បង្រៀន​ទូលបង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​មេត្តា ដ៏​ទន់​សន្តោស នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​សេចក្ដី​ទាំង​នោះ​មាន​នៅ​ពី​បុរាណ​រៀង​មក

7 សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូលបង្គំ​នោះ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ទ្រង់

8 ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ

9 ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់

10 អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

12 តើ​មាន​មនុស្ស​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រើស​យក

13 ព្រលឹង​អ្នក​នោះ​នឹង​នៅ​ដោយ​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​របស់​អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មរដក

14 សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់

15 ភ្នែក​ទូលបង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាប ដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់

16 សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្ដី​វេទនា

17 សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូលបង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង ឱ​សូម​នាំ​ទូលបង្គំ​ចេញ​ពី​សេចក្ដីទុក្ខ​លំបាក​នៃ​ទូលបង្គំ

18 សូម​ពិនិត្យ​មើល​សេចក្ដី​វេទនា នឹង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូលបង្គំ ហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូលបង្គំ​ផង

19 សូម​ពិចារណា​មើល​ពួក​ខ្មាំង​ទូលបង្គំ​ដែល​មាន​គ្នា​ច្រើន ហើយ​មាន​សេចក្ដី​សំអប់ស្អប់​ដល់​ទូលបង្គំ ដោយ​ចិត្ត​សាហាវ​ណាស់

20 ឱ​សូម​រក្សា​ព្រលឹង​នៃ​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​ពឹងដល់​ទ្រង់

21 សូម​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់ ការ‌ពារ​ទូលបង្គំ​ទុក ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់

22 ឱ​ព្រះ‌អង្គ​អើយ សូម​លោះ​សាសន៍​អ៊ីស្រាអែល ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា​របស់​គេ​ផង។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia