1 កាលសាសន៍អ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទ គឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍ ដែលមានភាសាទីទៃ 2 នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់ ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់ 3 សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ 4 អស់ទាំងភ្នំធំៗ ក៏លោតដូចជាចៀមឈ្មោល ហើយភ្នំតូចៗ ដូចជាកូនចៀម 5 ឱសមុទ្រអើយ តើវាថ្វី បានជារត់ទៅដូច្នេះ ហើយទន្លេយ័រដាន់ឯងដែរ បានជាហូរថយច្រាសទៅ 6 នឹងអស់ទាំងភ្នំធំៗអើយ បានជាលោតដូចជាចៀមឈ្មោល ហើយឯងដែរ ភ្នំតូចៗអើយ បានជាលោត ដូចជាកូនចៀមដូច្នេះ 7 ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះនៃយ៉ាកុបចុះ 8 ជាព្រះដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក គឺថ្មរឹងឲ្យទៅជាក្បាលទឹកហូរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia