សេចក្ដីស្រឡាញ់គឺជាមាគ៌ាដ៏ប្រសើរបំផុត1 ប្រសិនបើខ្ញុំចេះនិយាយភាសាដទៃរបស់មនុស្ស និងភាសាដទៃរបស់ទូតសួគ៌ ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ជាគងដែលឮទ្រហឹងអឺងកង ឬឆាបដែលឮឆុងឆាំង។ 2 ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។ 3 ទោះបីជាខ្ញុំចែកអ្វីៗទាំងអស់ដែលខ្ញុំមានដល់គេ ហើយប្រគល់រូបកាយរបស់ខ្ញុំទៅឲ្យគេដុត ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍អ្វីសោះ។ 4 សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ និងសប្បុរស; សេចក្ដីស្រឡាញ់មិនច្រណែន; សេចក្ដីស្រឡាញ់មិនអួតបំប៉ោង ហើយមិនមានឫកធំ; 5 ក៏មិនឈ្លើយ មិនស្វែងរកប្រយោជន៍សម្រាប់ខ្លួន មិនឆាប់ខឹង មិនប្រកាន់ទោសគេ 6 ហើយមិនអរសប្បាយនឹងសេចក្ដីទុច្ចរិត គឺអរសប្បាយនឹងសេចក្ដីពិតវិញ; 7 សេចក្ដីស្រឡាញ់ទ្រាំទ្រនឹងការទាំងអស់ ជឿលើការទាំងអស់ សង្ឃឹមលើការទាំងអស់ ហើយស៊ូទ្រាំនឹងការទាំងអស់។ 8 សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ។ រីឯការថ្លែងព្រះបន្ទូលនឹងផុតទៅ ភាសាដទៃនឹងចប់ ហើយចំណេះដឹងនឹងសាបសូន្យ 9 ដ្បិតយើងចេះដឹងតែមួយផ្នែក ហើយថ្លែងព្រះបន្ទូលតែមួយផ្នែកប៉ុណ្ណោះ; 10 ប៉ុន្តែកាលណាសេចក្ដីគ្រប់លក្ខណ៍មកដល់ សេចក្ដីដែលមិនពេញខ្នាត នឹងត្រូវសាបសូន្យទៅ។ 11 កាលខ្ញុំនៅជាកូនក្មេងនៅឡើយ ខ្ញុំនិយាយដូចកូនក្មេង គិតដូចកូនក្មេង ហើយយល់ឃើញដូចកូនក្មេង លុះខ្ញុំបានពេញវ័យ ខ្ញុំក៏លះបង់ការរបស់កូនក្មេងចោល។ 12 ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។ 13 ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕ |