ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 6 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 6

ការត្រាស់ហៅអេសាយ

1 នៅ​ឆ្នាំ​ដែល​ព្រះបាទ​អូសៀស​សោយទិវង្គត ខ្ញុំ​ឃើញ​ព្រះអម្ចាស់​របស់ខ្ញុំ​គង់​លើ​បល្ល័ង្ក​ដែល​ខ្ពស់ និង​ដែល​ត្រូវបាន​តម្កើងឡើង ហើយ​រំភាយព្រះពស្ត្រ​របស់ព្រះអង្គ​ពេញ​ក្នុង​ព្រះវិហារ​។

2 មាន​ពួក​សេរ៉ាភីម​ឈរ​នៅ​ខាងលើ​ព្រះអង្គ នីមួយៗ​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ខ្លួន​ដោយ​ស្លាប​ពីរ បាំង​ជើង​ខ្លួន​ដោយ​ស្លាប​ពីរ ហើយ​ហើរ​ដោយ​ស្លាប​ពីរ​។

3 ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។

4 គ្រឹះ​នៃ​មេទ្វារ​ក៏​ញ័រ​ដោយ​សំឡេង​នៃ​សម្រែក​នោះ ហើយ​ព្រះដំណាក់​ក៏​ពេញ​ដោយ​ផ្សែង​។

5 ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។

6 នោះ​សេរ៉ាភ​មួយ​រូប​ក្នុងចំណោម​សេរ៉ាភីម​ទាំងនោះ ហើរ​មករក​ខ្ញុំ ក្នុង​ដៃ​មាន​រងើកភ្លើង គឺ​បាន​យក​ពីលើ​អាសនា​ដោយ​ដង្កៀប

7 ហើយ​ប៉ះ​នឹង​មាត់​ខ្ញុំ ទាំង​និយាយថា​៖ “មើល៍! រងើកនេះ​បាន​ប៉ះ​នឹង​បបូរមាត់​អ្នក ដូច្នេះ​សេចក្ដីទុច្ចរិត​របស់អ្នក​ត្រូវបាន​ដកចេញ ហើយ​បាប​របស់អ្នក​ក៏​ត្រូវបាន​លុបលាង​ដែរ​!”។

8 បន្ទាប់មក ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​របស់ខ្ញុំ មានបន្ទូលថា​៖ “តើ​យើង​នឹង​ចាត់​នរណា​ឲ្យទៅ​? តើ​នរណា​នឹង​ទៅ​ជំនួស​ពួកយើង​?”។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ សូម​ចាត់​ទូលបង្គំ​ចុះ​!”។

9 ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​ទៅ​ចុះ ហើយ​ប្រាប់​ប្រជាជន​នេះ​ថា​: ‘ចូរ​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​កុំ​យល់​ឡើយ​; ចូរ​មើលហើយមើលទៀត ប៉ុន្តែ​កុំ​ចាប់ភ្លឹក​ឡើយ’។

10 ចូរ​ធ្វើឲ្យ​ចិត្ត​របស់​ប្រជាជន​នេះ​ស្ពឹក ចូរ​ធ្វើឲ្យ​ត្រចៀក​ពួកគេ​ធ្ងន់ ចូរ​ធ្វើឲ្យ​ភ្នែក​ពួកគេ​ខ្វាក់ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ត្រូវបាន​ប្រោសឲ្យជា”។

11 ខ្ញុំ​ក៏​ទូល​សួរថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​រហូតដល់​ពេលណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖ “រហូតដល់​ពេល​ដែល​ទីក្រុង​នានា​ត្រូវបាន​បំផ្លាញ គ្មានអ្នកណា​រស់នៅ ហើយ​ផ្ទះ​ទាំងឡាយ​គ្មាន​មនុស្ស គឺ​ទឹកដី​នេះ​ត្រូវបាន​បំផ្លាញ ហើយ​ស្ងាត់ជ្រងំ

12 រហូតដល់​ព្រះយេហូវ៉ា​បាន​យក​មនុស្ស​ចេញឆ្ងាយ ហើយ​តំបន់​ដែល​ត្រូវបាន​បោះបង់ចោល​មានច្រើន​នៅកណ្ដាល​ទឹកដី​នេះ​។

13 ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative