និមិត្តទីប្រាំបី: រទេះចម្បាំងបួន1 ខ្ញុំងើបភ្នែកឡើងម្ដងទៀត ហើយសង្កេតមើល នោះមើល៍! មានរទេះចម្បាំងបួនចេញមកពីកណ្ដាលភ្នំពីរ។ ភ្នំទាំងនោះជាភ្នំលង្ហិន។ 2 រទេះចម្បាំងទីមួយទឹមដោយសេះសម្បុរក្រហម រទេះចម្បាំងទីពីរទឹមដោយសេះសម្បុរខ្មៅ 3 រទេះចម្បាំងទីបីទឹមដោយសេះសម្បុរស ហើយរទេះចម្បាំងទីបួនទឹមដោយសេះសម្បុរអុជៗ។ ទាំងបួននោះមានកម្លាំងខ្លាំង។ 4 ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ 5 ទូតសួគ៌ក៏តបនឹងខ្ញុំថា៖ “ទាំងនេះជាខ្យល់ទាំងបួនទិសនៃមេឃដែលចេញមក ក្រោយពីឈរនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។ 6 រទេះចម្បាំងដែលទឹមដោយសេះសម្បុរខ្មៅ នឹងចេញទៅស្រុកខាងជើង ហើយសេះសម្បុរសក៏ចេញទៅតាមក្រោយ រីឯសេះសម្បុរអុជៗនឹងចេញទៅស្រុកខាងត្បូង”។ 7 ពួកសេះដែលមានកម្លាំងខ្លាំងទាំងនោះ បានចេញមក ហើយអន្ទះសានឹងចេញទៅ ដើម្បីដើរល្បាតផែនដី។ ទូតសួគ៌ក៏និយាយថា៖ “ទៅចុះ ចូរដើរល្បាតផែនដីចុះ” ដូច្នេះពួកវាក៏ដើរល្បាតផែនដី។ 8 បន្ទាប់មក ទូតសួគ៌ស្រែកហៅខ្ញុំ ហើយនិយាយនឹងខ្ញុំថា៖ “មើល៍! ពួកដែលចេញទៅស្រុកខាងជើង បានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំស្ងប់ក្នុងស្រុកខាងជើងហើយ!”។ អភិសេក “លំពង់”9 ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមកដល់ខ្ញុំទៀតថា៖ 10 “ចូរយកតង្វាយពីពួកជនជម្លៀស គឺពីហេលដាយ ថូប៊ីយ៉ា និងយេដាយ៉ា រួចក្នុងថ្ងៃដដែលនោះ ចូរទៅផ្ទះរបស់យ៉ូសៀសកូនរបស់សេផានា; ពួកគេបានមកពីបាប៊ីឡូន។ 11 ចូរយកប្រាក់ និងមាស ហើយធ្វើមកុដ បំពាក់លើក្បាលរបស់មហាបូជាចារ្យយ៉ូស្វេកូនរបស់យ៉ូសាដាក 12 ហើយប្រាប់គាត់ថា: ‘ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: មើល៍! មនុស្សដែលមានឈ្មោះថា “លំពង់” នឹងដុះឡើងពីកន្លែងរបស់ខ្លួន ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា។ 13 អ្នកនោះនឹងសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ហើយស្លៀកពាក់សិរីរុងរឿង ក៏អង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន។ នឹងមានបូជាចារ្យម្នាក់នៅលើបល្ល័ង្ករបស់អ្នកនោះ ហើយមានការប្រឹក្សានៃសន្តិភាពរវាងពួកគេទាំងពីរ។ 14 រីឯមកុដនោះនឹងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទុកជាទីរលឹកដល់ហេលលេម ថូប៊ីយ៉ា យេដាយ៉ា និងហិនកូនរបស់សេផានា។ 15 ចំណែកឯពួកអ្នកដែលនៅឆ្ងាយនឹងមក ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ាដែរ’។ នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយការនេះនឹងកើតឡើង ប្រសិនបើអ្នករាល់គ្នាស្ដាប់ដោយប្រុងប្រយ័ត្នតាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា”៕ |