សាតាំងត្រូវបានចង1 បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបចុះមកពីលើមេឃ ទាំងកាន់កូនសោនៃរណ្ដៅគ្មានបាត និងច្រវាក់ធំក្នុងដៃ។ 2 ទូតនោះក៏ចាប់នាគ គឺពស់ពីបុរាណ ដែលជាមារ និងជាសាតាំង ហើយបានចងវាទុករយៈពេលមួយពាន់ឆ្នាំ 3 ដោយទម្លាក់វាទៅក្នុងរណ្ដៅគ្មានបាត ហើយបិទមាត់រណ្ដៅ ព្រមទាំងបិទត្រា ដើម្បីកុំឲ្យវាបោកបញ្ឆោតប្រជាជាតិនានាទៀត រហូតទាល់តែផុតមួយពាន់ឆ្នាំនោះទៅ។ បន្ទាប់ពីការទាំងនេះ វាត្រូវតែត្រូវបានដោះលែងមួយរយៈខ្លី។ វិសុទ្ធជនសោយរាជ្យជាមួយព្រះអម្ចាស់4 ក្រោយមក ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ត្រូវបានប្រទានឲ្យជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់ពួកអ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ គឺពួកអ្នកដែលមិនបានថ្វាយបង្គំសត្វតិរច្ឆាន ឬរូបសំណាករបស់វា ហើយក៏មិនបានទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយគ្រងរាជ្យជាមួយព្រះគ្រីស្ទរយៈពេលមួយពាន់ឆ្នាំ។ 5 រីឯមនុស្សស្លាប់ឯទៀត មិនរស់ឡើងវិញទេ រហូតទាល់តែផុតមួយពាន់ឆ្នាំនោះទៅ។ នេះជាការរស់ឡើងវិញទីមួយ។ 6 មានពរហើយ វិសុទ្ធហើយ អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញទីមួយ! សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេនឹងទៅជាបូជាចារ្យរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគ្រងរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។ ចុងបញ្ចប់របស់សាតាំង7 លុះផុតមួយពាន់ឆ្នាំហើយ សាតាំងនឹងត្រូវបានដោះលែងពីគុករបស់វា 8 ហើយវានឹងចេញទៅបោកបញ្ឆោតប្រជាជាតិនានានៅជ្រុងទាំងបួននៃផែនដី គឺកុក និងម៉ាកុក ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាម។ ពួកគេមានចំនួនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ 9 ពួកគេឡើងទៅពាសពេញផ្ទៃផែនដី ហើយទ្បោមព័ទ្ធជំរំរបស់វិសុទ្ធជន និងក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្តែមានភ្លើងធ្លាក់ពីលើមេឃមក បំផ្លាញពួកគេ។ 10 រីឯមារដែលបោកបញ្ឆោតពួកគេ ក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅ។ ពួកវានឹងរងការឈឺចាប់ទាំងយប់ទាំងថ្ងៃ រហូតអស់កល្បជាអង្វែងតរៀងទៅ។ បល្ល័ង្កជំនុំជម្រះពណ៌សដ៏ធំ11 បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។ 12 ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយក្រាំងទាំងឡាយត្រូវបានបើកឡើង។ រួចមានក្រាំងមួយទៀតត្រូវបានបើកឡើងដែរ ជាក្រាំងនៃបញ្ជីជីវិត។ មនុស្សស្លាប់ត្រូវបានជំនុំជម្រះតាមសេចក្ដីដែលមានសរសេរទុកនៅក្នុងក្រាំងទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។ 13 ពេលនោះ សមុទ្រក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវា ហើយសេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះតាមការប្រព្រឹត្តរបស់ខ្លួន។ 14 បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។ 15 ប្រសិនបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះក៏ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើងនោះ៕ |