ថ្វាយបង្គំព្រះមហាក្សត្រដ៏ខ្ពស់បំផុត1 ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ផែនដីទាំងមូលអើយ ចូរច្រៀងទៅកាន់ព្រះយេហូវ៉ា! 2 ចូរច្រៀងទៅកាន់ព្រះយេហូវ៉ា ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ ចូរប្រកាសសេចក្ដីសង្គ្រោះរបស់ព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ។ 3 ចូរថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្ដាលចំណោមប្រជាជាតិនានា ចូរថ្លែងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅកណ្ដាលចំណោមបណ្ដាជនទាំងអស់; 4 ដ្បិតព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ព្រះអង្គគួរឲ្យកោតខ្លាចលើសព្រះទាំងអស់។ 5 អស់ទាំងព្រះរបស់ប្រជាជាតិនានាសុទ្ធតែជារូបបដិមាករឥតប្រយោជន៍ រីឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតបណ្ដាមេឃ។ 6 កិត្តិយស និងអានុភាពនៅចំពោះព្រះអង្គ ឫទ្ធានុភាព និងសិរីរុងរឿងនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ។ 7 ពូជសាសន៍ទាំងឡាយនៃប្រជាជាតិនានាអើយ ចូរថ្វាយដល់ព្រះយេហូវ៉ា ចូរថ្វាយសិរីរុងរឿង និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា! 8 ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ; ចូរនាំយកតង្វាយ ហើយចូលទៅក្នុងទីធ្លារបស់ព្រះអង្គ។ 9 ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ; ផែនដីទាំងមូលអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអង្គ! 10 ចូរនិយាយនៅកណ្ដាលចំណោមប្រជាជាតិថា៖ “ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ហើយពិភពលោកក៏ត្រូវបានតាំងឡើង វាមិនរង្គើឡើយ; ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់”។ 11 ចូរឲ្យបណ្ដាមេឃអរសប្បាយ ចូរឲ្យផែនដីត្រេកអរ ចូរឲ្យសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះគ្រហឹមឡើង 12 ចូរឲ្យទីវាល និងអ្វីៗទាំងអស់ដែលនៅទីនោះលោតកញ្ឆេង នោះអស់ទាំងដើមឈើនៅព្រៃនឹងស្រែកហ៊ោសប្បាយនៅចំពោះព្រះយេហូវ៉ា 13 ដ្បិតព្រះអង្គនឹងយាងមក គឺយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គ៕ |