ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 81 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 81

ស្ដាប់តាមដំបូន្មានរបស់ព្រះ
បទតម្កើង​របស់​អេសាភ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​គីធីត ​។

1 ចូរ​ច្រៀងដោយអំណរ​ទៅកាន់​ព្រះ​ដ៏ជា​កម្លាំង​របស់យើង ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​របស់​យ៉ាកុប​!

2 ចូរ​បន្លឺ​ចម្រៀង​ឡើង ចូរ​វាយ​ក្រាប់ ហើយលេង​ពិណហាប​ដ៏ពីរោះ និង​ពិណបុរាណ​ផង​!

3 ចូរ​ផ្លុំ​ស្នែង​នៅ​ថ្ងៃចូលខែ គឺ​នៅ​ថ្ងៃពេញបូណ៌មី នៅ​ថ្ងៃ​នៃ​ពិធីបុណ្យ​របស់យើង​!

4 ដ្បិត​នេះ​ជា​បទបញ្ញត្តិ​សម្រាប់​អ៊ីស្រាអែល ជា​ច្បាប់​របស់​ព្រះ​នៃ​យ៉ាកុប​។

5 ព្រះអង្គ​បាន​តាំង​ច្បាប់ទាំងនោះ​ជា​សេចក្ដីបន្ទាល់​សម្រាប់​យ៉ូសែប កាល​ព្រះអង្គ​បាន​យាង​ចេញទៅ​ទាស់នឹង​ដែនដី​អេហ្ស៊ីប​។ ខ្ញុំ​ឮ​ភាសា​ដែល​ខ្ញុំ​មិនដែល​ស្គាល់ និយាយថា​៖

6 “យើង​បាន​ដក​បន្ទុក​ចេញ​ពី​ស្មា​របស់គេ​; ដៃ​របស់គេ​បាន​រួច​ពី​ការលើក​កញ្ឆេ​។

7 នៅក្នុង​ទុក្ខវេទនា អ្នក​បាន​ស្រែកហៅ ហើយ​យើង​បាន​រំដោះ​អ្នក​; យើង​បាន​តប​នឹង​អ្នក​ពី​ទីលាក់កំបាំង​នៃ​ផ្គរលាន់ យើង​បាន​ពិសោធ​អ្នក​នៅត្រង់​ទឹក​មេរីបា​។ សេឡា

8 ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ស្ដាប់ យើង​នឹង​ធ្វើបន្ទាល់​ទាស់នឹង​អ្នក​! អ៊ីស្រាអែល​អើយ ឱបើ​អ្នក​ស្ដាប់តាម​យើង​ទៅអេះ!

9 កុំឲ្យ​មាន​ព្រះ​ដទៃ​នៅក្នុងចំណោម​អ្នក​ឡើយ ហើយក៏​កុំឲ្យ​ថ្វាយបង្គំ​ព្រះ​របស់​ជនបរទេស​ដែរ​។

10 យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក ដែល​នាំ​អ្នក​ឡើង​មកពី​ដែនដី​អេហ្ស៊ីប​។ ចូរ​ហា​មាត់​អ្នក​ឲ្យធំ ហើយ​យើង​នឹង​បំពេញ​វា​។

11 ប៉ុន្តែ​ប្រជារាស្ត្រ​របស់យើង​មិន​បាន​ស្ដាប់តាម​សំឡេង​របស់យើង​ទេ អ៊ីស្រាអែល​មិន​ព្រម​នឹង​យើង​ឡើយ​។

12 ដូច្នេះ យើង​បាន​បណ្ដោយ​ពួកគេ​តាម​ភាពរឹងរូស​នៃ​ចិត្ត​របស់ខ្លួន ឲ្យ​ពួកគេ​ដើរ​តាម​គម្រោង​របស់ខ្លួន​។

13 ឱបើ​ប្រជារាស្ត្រ​របស់យើង​ស្ដាប់តាម​យើង ហើយ​អ៊ីស្រាអែល​ដើរតាម​មាគ៌ា​របស់យើង​ទៅអេះ!

14 នោះ​យើង​នឹង​បង្ក្រាប​សត្រូវ​របស់ពួកគេ​ក្នុងមួយរំពេច ហើយ​ដៃ​របស់យើង​នឹង​បែរមក​ទាស់នឹង​បច្ចាមិត្ត​របស់ពួកគេ​វិញ”។

15 អ្នកដែល​ស្អប់​ព្រះយេហូវ៉ា​នឹង​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​; សូមឲ្យ​ពេលវេលា​នៃ​ទោស​របស់ពួកគេ​មាននៅ​ជារៀងរហូត​។

16 ប៉ុន្តែ​ព្រះអង្គ​នឹង​ឲ្យ​អ៊ីស្រាអែល​ហូប​ស្រូវសាលី​ល្អបំផុត ទាំង​មានបន្ទូលថា​៖ “យើង​នឹង​ចម្អែត​អ្នក​ដោយ​ទឹកឃ្មុំ​ពី​ថ្មដា”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative