រស់នៅដោយរួមគ្នាតែមួយបទតម្កើង របស់ដាវីឌ ជាចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 មើល៍! ការដែលបងប្អូនរស់នៅដោយរួមគ្នាតែមួយ នោះល្អយ៉ាងណាហ្ន៎ និងប្រពៃយ៉ាងណាហ្ន៎! 2 គឺប្រៀបដូចជាប្រេងដ៏មានតម្លៃនៅលើក្បាល ដែលហូរចុះមកលើពុកចង្កា គឺពុកចង្ការបស់អើរ៉ុន ហើយហូរចុះមកលើជាយអាវវែងរបស់គាត់ 3 ក៏ប្រៀបដូចជាទឹកសន្សើមនៃភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំទាំងឡាយនៃស៊ីយ៉ូនដែរ ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជីវិតអស់កល្បជានិច្ច៕ |