Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 132 - ព្រះគម្ពីរខ្មែរសាកល


ដាវីឌ និងស៊ីយ៉ូនត្រូវបានជ្រើសរើស
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 ព្រះយេហូវ៉ា​អើយ ដោយយល់ដល់​ដាវីឌ សូម​នឹកចាំ​អស់ទាំង​ការ​រងទុក្ខ​របស់គាត់

2 និង​ការដែល​គាត់​បាន​ស្បថ​នឹង​ព្រះយេហូវ៉ា ហើយ​បាន​បន់​ដល់​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​ថា​៖

3 “ទូលបង្គំ​នឹង​មិន​ចូល​ក្នុង​រោង​ជា​ផ្ទះ​របស់ទូលបង្គំ​ឡើយ ក៏មិន​ឡើងទៅ​គ្រែដេក​របស់ទូលបង្គំ​ដែរ​;

4 ទូលបង្គំ​នឹង​មិន​ផ្ដល់​ដំណេក​ឲ្យ​ភ្នែក​របស់ទូលបង្គំ ឬ​ផ្ដល់​ការរលីវ​ឲ្យ​ត្របកភ្នែក​របស់ទូលបង្គំ​ឡើយ

5 រហូតទាល់តែ​រកឃើញ​កន្លែង​សម្រាប់​ព្រះយេហូវ៉ា គឺ​ដំណាក់​សម្រាប់​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”។

6 មើល៍! នៅ​អេប្រាតា​យើង​បាន​ឮ​អំពី​ហិប យើង​បាន​រក​វា​ឃើញ​នៅ​វាល​យ៉ាអើរ​!

7 យើង​នាំគ្នា​មក​ដំណាក់​របស់ព្រះអង្គ​! យើង​នាំគ្នា​ថ្វាយបង្គំ​នៅទៀប​កំណល់​ព្រះបាទា​របស់ព្រះអង្គ​!

8 ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ទៅ​ទីសម្រាក​របស់ព្រះអង្គ​ផង គឺទាំង​ព្រះអង្គ និង​ហិប​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!

9 សូមឲ្យ​ពួក​បូជាចារ្យ​របស់ព្រះអង្គ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីសុចរិត​; សូមឲ្យ​វិសុទ្ធជន​របស់ព្រះអង្គ​ស្រែកហ៊ោសប្បាយ​។

10 ដោយយល់ដល់​ដាវីឌ​បាវបម្រើ​របស់ព្រះអង្គ សូម​កុំ​បំបែរ​មុខ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ចេញ​ឡើយ​។

11 ព្រះយេហូវ៉ា​បាន​ស្បថ​នឹង​ដាវីឌ​ដោយ​សេចក្ដីពិតត្រង់ ដែល​ព្រះអង្គ​នឹង​មិន​បែរចេញ​ពី​សម្បថនោះ​ឡើយ​ថា​៖ “យើង​នឹង​យក​ផល​មួយ​ដែលកើត​ពី​អ្នក ដាក់​លើ​បល្ល័ង្ក​របស់​អ្នក​។

12 ប្រសិនបើ​កូនចៅ​របស់អ្នក​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់យើង​ដែល​យើង​បង្រៀន​ពួកគេ នោះ​កូនចៅ​របស់ពួកគេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក​ជារៀងរហូត​ដែរ”។

13 ដ្បិត​ព្រះយេហូវ៉ា​បាន​ជ្រើសរើស​ស៊ីយ៉ូន ព្រះអង្គ​ប្រាថ្នាចង់បាន​នាង ទុកជា​ទីស្នាក់អាស្រ័យ​សម្រាប់​ព្រះអង្គ​។

14 “នេះ​ជា​ទីសម្រាក​របស់យើង​ជារៀងរហូត​; យើង​នឹង​រស់នៅ​ទីនេះ ពីព្រោះ​យើង​ប្រាថ្នាចង់បាន​នាង​។

15 យើង​នឹង​ឲ្យពរយ៉ាងបរិបូរ​ដល់​ស្បៀងអាហារ​របស់នាង​; យើង​នឹង​ចម្អែត​ពួកអ្នក​ខ្វះខាត​របស់នាង​ដោយ​នំប៉័ង​។

16 យើង​នឹង​ស្លៀកពាក់ឲ្យ​ពួក​បូជាចារ្យ​របស់នាង​ដោយ​សេចក្ដីសង្គ្រោះ ហើយ​វិសុទ្ធជន​របស់នាង​នឹង​ស្រែកហ៊ោសប្បាយយ៉ាងខ្លាំង​។

17 នៅ​ទីនេះ យើង​នឹង​ធ្វើឲ្យ​ស្នែង​មួយ​ដុះឡើង​សម្រាប់​ដាវីឌ​; យើង​បាន​រៀបចំ​ចង្កៀង​មួយ​សម្រាប់​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់យើង​។

18 យើង​នឹង​ស្លៀកពាក់ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់គាត់​ដោយ​សេចក្ដីអាម៉ាស់ រីឯ​មកុដ​របស់គាត់​នឹង​ចម្រើនឡើង​នៅលើ​គាត់”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម