ជ្រកកោននៅក្នុងព្រះអម្ចាស់បទតម្កើង របស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។ 1 ខ្ញុំជ្រកកោនក្នុងព្រះយេហូវ៉ា តើអ្នករាល់គ្នានិយាយនឹងព្រលឹងរបស់ខ្ញុំថា៖ “ចូររត់គេចទៅភ្នំរបស់ពួកឯងដូចសត្វស្លាបទៅ” យ៉ាងដូចម្ដេចបាន? 2 ដ្បិតមើល៍! មនុស្សអាក្រក់យឹតធ្នូ ពួកគេភ្ជាប់ព្រួញនឹងខ្សែ ដើម្បីបាញ់មនុស្សមានចិត្តទៀងត្រង់ពីទីងងឹត! 3 ប្រសិនបើគ្រឹះត្រូវបានរំលំ តើមនុស្សសុចរិតអាចធ្វើអ្វីកើត? 4 ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។ 5 ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា។ 6 ព្រះអង្គនឹងបង្អុរអន្ទាក់លើមនុស្សអាក្រក់; ភ្លើង ស្ពាន់ធ័រ និងខ្យល់កម្លោចជាចំណែកនៃពែងរបស់ពួកគេ។ 7 ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌ ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត; មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្ររបស់ព្រះអង្គ៕ |