ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
អេសេគាល 34:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងនាំប្រជាជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំវារាល់គ្នាចេញពីសាសន៍ទាំងប៉ុន្មាន ហើយប្រមូលវាពីគ្រប់ទាំងស្រុក រួចនាំចូលទៅក្នុងស្រុករបស់វាវិញ យើងនឹងឃ្វាលវានៅលើភ្នំនៃស្រុកអ៊ីស្រាអែល ហើយតាមផ្លូវទឹក និងនៅគ្រប់ទាំងកន្លែងដែលមានមនុស្សនៅក្នុងស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំវារាល់គ្នា ចេញពីសាសន៍ទាំងប៉ុន្មាន ហើយប្រមូលវាពីគ្រប់ទាំងស្រុក រួចនឹងនាំចូលទៅក្នុងស្រុករបស់វាវិញ អញនឹងឃ្វាលវានៅលើភ្នំនៃស្រុកអ៊ីស្រាអែល ហើយតាមផ្លូវទឹក នឹងនៅគ្រប់ទាំងកន្លែងដែលមានមនុស្សនៅក្នុងស្រុកនោះផង អាល់គីតាប យើងនឹងនាំប្រជាជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រអែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។ |
ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ!
ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។
នៅថ្ងៃមហាពិឃាត គឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំ នោះនឹងមានទឹកហូរស្រោចស្រព ភ្នំទាំងធំទាំងតូច។
ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!” រួចប្រាប់អស់អ្នកនៅទីងងឹតថា “ចូរបង្ហាញខ្លួនមក!” ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារ តាមវាលស្មៅ នៅលើកំពូលភ្នំ។
ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះអង្គកម្ចាត់កម្ចាយពួកគេឲ្យទៅ!”។ យើងនឹងនាំពួកគេឲ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងស្ដារពូជពង្សរបស់យ៉ាកុបឡើងវិញ យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។ គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ ហើយសង់វិមាននៅកន្លែងដើមវិញដែរ។
នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រាអែល និងយូដាជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
យើងនឹងនាំពួកគេមកពីស្រុកខាងជើង ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាល នៃផែនដីមកវិញដែរ។ ពួកគេមកទាំងអស់គ្នា គឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិន ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន។ ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។
នៅគ្រាដែលយើងខឹងសម្បារ យើងបានកម្ចាត់កម្ចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជម្រកសម្រាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។
យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យ វិលត្រឡប់មកស្រុករបស់ខ្លួនវិញ ពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសាន ហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌ នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
ចូរប្រាប់ពួកគេទៀតថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងនាំអ្នករាល់គ្នាចេញពីកណ្ដាលចំណោមជាតិសាសន៍នានាមកវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយ ដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ ហើយយើងនឹងប្រគល់ទឹកដីអ៊ីស្រាអែលឲ្យអ្នករាល់គ្នា”។
កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។
ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងអើយ យើងនឹងនាំអ្នករាល់គ្នាឲ្យដើរនៅលើភ្នំនេះវិញ។ អ្នករាល់គ្នានឹងយកទឹកដីនេះធ្វើជាកម្មសិទ្ធិ និងជាកេរមត៌ក ទឹកដីនេះនឹងលែងធ្វើឲ្យអ្នករាល់គ្នាបាត់បង់កូនចៅទៀតហើយ»។
យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។
យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។
យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។
នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រាអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រាអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងនឹងស្ដារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រាអែលទាំងមូល ហើយយើងមិនទុកឲ្យនាមដ៏វិសុទ្ធរបស់យើងនៅអាប់ឱនដូច្នេះឡើយ។
យើងនឹងសម្តែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។
ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។
«កូនចៅយ៉ាកុបអើយ យើងនឹងប្រមូលផ្ដុំអ្នកទាំងអស់គ្នា។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយ យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។ ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ នៅក្នុងស្រុករបស់អ្នករាល់គ្នា»។
«នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស ដែលដើរពុំរួច យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល យើងបានធ្វើទោស» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងស្ដារស្ថានភាពរបស់អ្នក ព្រះអង្គនឹងអាណិតអាសូរអ្នក ហើយប្រមូលអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអង្គកម្ចាត់កម្ចាយអ្នកទៅនោះ។