១ កូរិនថូស 1:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងឯអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាលេចមកផង ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានណាមួយឡើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំការសម្ដែងឲ្យឃើញព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ Khmer Christian Bible ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានខាងវិញ្ញាណណាមួយឡើយ នៅពេលអ្នករាល់គ្នាទន្ទឹងរង់ចាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងលេចមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ អាល់គីតាប ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងចុះមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះអំណោយទានអ្វីឡើយ។ |
គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី
ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច
ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ
មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់រូបកាយយើងផង
ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្ដីសរសើរពីព្រះរៀងខ្លួន។
តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។
ដ្បិតយើងរាល់គ្នាអាងសេចក្ដីជំនឿ ដើម្បីនឹងរង់ចាំដោយនូវព្រះវិញ្ញាណ ឲ្យបានសេចក្ដីសុចរិតដែលយើងសង្ឃឹមចង់បាននោះ
ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង
កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ។
ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។
ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់
ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង
ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។
ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្តល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង
ត្រូវអរសប្បាយវិញ ដោយព្រោះមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអររីករាយជាខ្លាំង ក្នុងកាលដែលសិរីល្អទ្រង់លេចមក
រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។
ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែងដូច្នេះ
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង
ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង