ហូសេ 12:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ «យេហូវ៉ា»នេះ ជានាមដ៏ជាទីរំឭកពីទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរវិលមករកព្រះរបស់អ្នកវិញចុះ ចូរកាន់ចិត្តសប្បុរស និងយុត្តិធម៌ ហើយរង់ចាំព្រះរបស់អ្នកជានិច្ចផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជាព្រះនៃពិភពទាំងមូល ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។ អាល់គីតាប ទ្រង់ជាម្ចាស់នៃពិភពទាំងមូល នាមរបស់ទ្រង់ គឺអុលឡោះតាអាឡា។ |
មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួន ហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយ ស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ ទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ
ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។
ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ
កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ
ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាជាងយញ្ញបូជាទៅទៀត។
ចូរលាងចេញ ចូរជំរះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរ នឹងទ្រង់ជាខ្លាំងទៅហើយ
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់
តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត នឹងចំរើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ
ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ
ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្ដីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្ដីសុចរិតមកលើឯងរាល់គ្នា
ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញចុះ ដ្បិតឯងបានភ្លាត់ដួលទៅ ដោយអំពើទុច្ចរិតរបស់ឯង
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ
មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ
ដ្បិតមើល ព្រះដែលទ្រង់សូនធ្វើភ្នំទាំងប៉ុន្មាន ក៏បង្កើតខ្យល់ ហើយថ្លែងប្រាប់ដល់មនុស្សអំពីគំនិតដែលនៅក្នុងខ្លួនគេ ព្រមទាំងធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយយាងលើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីផង ព្រះនាមរបស់ទ្រង់គឺ «យេហូវ៉ាជាព្រះនៃពួកពលបរិវារ»។
តែត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំវិញ។
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។
ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ
ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ។
ហេតុនោះ ចូរឯងប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ចូរវិលមកឯអញវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ នេះក៏ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ
នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត នឹងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ
គឺទូលបង្គំបានប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយងាកបែរមកឯព្រះវិញ ទាំងប្រព្រឹត្តបែបសំណំនឹងការប្រែចិត្តផង គឺប្រាប់ដល់ពួកអ្នកដែលនៅក្រុងដាម៉ាសជាមុនដំបូង រួចនៅក្រុងយេរូសាឡិម នឹងគ្រប់ក្នុងខេត្តយូដា ហើយដល់អស់ទាំងសាសន៍ដទៃផង
ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ។
ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។