ព្រះហឫទ័យអាណិតអាសូររបស់ព្រះ និងអំពីអកតញ្ញូរបស់អ៊ីស្រាអែល1 កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។ 2 ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។ 3 ប៉ុន្តែ យើងនេះហើយដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ យើងបានបីគេដោយដៃរបស់យើង តែគេមិនបានដឹងថា យើងបានប្រោសគេឲ្យជាទេ។ 4 យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ ដោយចំណងនៃសេចក្ដីស្រឡាញ់ យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។ 5 គេនឹងមិនវិលទៅស្រុកអេស៊ីព្ទវិញឡើយ សាសន៍អាសស៊ើរនឹងធ្វើជាស្តេចលើគេ ព្រោះគេមិនព្រមត្រឡប់មករកយើងវិញទេ។ 6 ដាវនឹងសម្ដែងកំហឹងទាស់នឹងទីក្រុងរបស់គេ វានឹងបំផ្លាញរនុកទ្វារក្រុងរបស់គេ ហើយលេបគេបាត់ ព្រោះតែគំនិតអាក្រក់របស់ខ្លួនគេ។ 7 ប្រជារាស្ត្ររបស់យើង ចេះតែចង់បោះបង់ចោលយើង គេហៅយើងថាជាព្រះដ៏ខ្ពស់បំផុត តែគេមិនបានលើកតម្កើងយើងជាពិតទេ។ 8 ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។ 9 យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។ 10 គេនឹងដើរជាប់តាមព្រះយេហូវ៉ា ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ ពេលព្រះអង្គគ្រហឹម ពួកកូនរបស់ព្រះអង្គនឹងរត់មក ពីទិសខាងលិចទាំងញាប់ញ័រ។ 11 គេនឹងមកទាំងញាប់ញ័រ ដូចសត្វហើរមកពីស្រុកអេស៊ីព្ទ ហើយមកពីស្រុកអាសស៊ើរ ដូចជាព្រាប យើងនឹងឲ្យគេវិលត្រឡប់មកលំនៅដ្ឋានរបស់ខ្លួន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 12 អេប្រាអិមឡោមព័ទ្ធយើងដោយសេចក្ដីភូតភរ ហើយពូជពង្សអ៊ីស្រាអែល ឡោមព័ទ្ធយើងដោយសេចក្ដីបោកបញ្ឆោត តែឯយូដាវិញ នៅតែដើរ ជាមួយព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធ។ |
© 2016 United Bible Societies
Bible Society in Cambodia