ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លេវី‌វិន័យ 23

ពិធី​បុណ្យ​ផ្សេងៗ

1 ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​ទាំង​នោះ មាន​ដូច​តទៅ:

ថ្ងៃសប្ប័ទ បុណ្យរំលង បុណ្យ​នំប៉័ង​ឥត​ដំបែ

3 ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។

4 បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ

5 គឺ​នៅ​ថ្ងៃ​ដប់បួន​ក្នុង​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា

6 ហើយ​នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​នោះ​ដែរ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​របស់​ព្រះ‌យេហូវ៉ា អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​ប្រាំពីរ​ថ្ងៃ។

7 នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។

8 តែ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​ប្រាំពីរ​ថ្ងៃ ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ»។

តង្វាយ​ពីផល​ដំបូង

9 ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ

10 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​អ្នក ហើយ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្ដាប់​ដែល​ជា​ផល​ដំបូង​ពី​ចម្រូត​អ្នក​មក​ឲ្យ​សង្ឃ

11 សង្ឃ​ត្រូវ​គ្រវី​ថ្វាយ​កណ្ដាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​ស្នង​អ្នក​រាល់​គ្នា គឺ​គ្រវី​ថ្វាយ​នៅ​ក្រោយ​ថ្ងៃ​សប្ប័ទ។

12 នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​គ្រវី​ថ្វាយ​កណ្ដាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ អាយុ​មួយ​ខួប​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

13 ឯ​តង្វាយ​ម្សៅ​ដែល​សម្រាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​លាយ​ប្រេង ទុក​ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​តង្វាយ​ច្រូច​នោះ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​កំប៉ុង។

14 អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង ស្រូវ​លីង ឬ​អង្ករ​ថ្មី រហូត​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​សិន នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ»។

បុណ្យសប្ដាហ៍

15 «ចាប់​ពី​ក្រោយ​ថ្ងៃ​សប្ប័ទ​នោះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​យក​កណ្ដាប់​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​ប្រាំពីរ​ថ្ងៃ​ឈប់​សម្រាក។

16 ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​សប្ប័ទ​ទី​ប្រាំពីរ​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​ហាសិប​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ‌យេហូវ៉ា។

17 ត្រូវ​យក​នំបុ័ង​ពីរ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​ពី​ផ្ទះ​អ្នក​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សម្រាប់​ជា​តង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា

18 ហើយ​ត្រូវ​យក​កូន​ចៀម​ប្រាំពីរ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប និង​គោ​ឈ្មោល​ស្ទាវ​មួយ ហើយ​ចៀម​ឈ្មោល​ពីរ​មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​ផង ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

19 ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​កូន​ចៀម​ឈ្មោល​ពីរ អាយុ​មួយ​ខួប សម្រាប់​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដែរ។

20 សង្ឃ​ត្រូវ​គ្រវី​សត្វ​ទាំង​នោះ​ថ្វាយ​ជា​មួយ​នំបុ័ង​ដែល​ជា​ផល​ដំបូង ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ចៀម​ពីរ​នោះ​ដែរ តង្វាយ​ទាំង​នោះ សុទ្ធ​តែ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ទុក​សម្រាប់​ពួក​សង្ឃ។

21 នៅ​ថ្ងៃ​នោះ ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​គ្រប់​ទី​កន្លែង ដែល​ត្រូវ​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។

22 ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ចម្រូត​នៅ​ស្រែ​ចម្ការ​របស់​អ្នក មិន​ត្រូវ​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សម្រាប់​អស់​អ្នក​ក្រីក្រ និង​អស់​អ្នក​ដែល​ស្នាក់​នៅ​វិញ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ពិធី​បុណ្យ​ផ្លុំ​ត្រែ

23 ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ

24 ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​ទីប្រាំពីរ នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ។

25 អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​សោះ​ឡើយ តែ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា»។

ថ្ងៃ​លុប​លាង​បាប

26 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

27 «នៅ​ថ្ងៃ​ដប់​ក្នុង​ខែ​ទីប្រាំពីរ​នេះ ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

28 នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ ដ្បិត​គឺ​ជា​ថ្ងៃ​ធួន​នឹង​បាប សម្រាប់​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

29 អស់​អ្នក​ណា​ដែល​មិន​បញ្ឈឺ​ចិត្ត​ខ្លួន នៅ​ថ្ងៃ​នោះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​សាសន៍​របស់​ខ្លួន

30 ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ។

31 អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​សោះ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។

32 ថ្ងៃ​នោះ​ត្រូវ​ទុក​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន គឺ​នៅ​ពេល​ល្ងាច​ថ្ងៃ​ប្រាំបួន​ខែ​នោះ ចាប់​តាំង​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​អ្នក​រាល់​គ្នា​ត្រូវ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​អ្នក»។

ពិធី​បុណ្យ​បារាំ

33 ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ

34 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នៅ​ថ្ងៃ​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ។

35 នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។

36 ក្នុង​ប្រាំពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទៅ​ព្រះ‌យេហូវ៉ា លុះ​ដល់​ថ្ងៃ​ប្រាំបី ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នេះ​ជា​ការ​ប្រជុំ​យ៉ាង​ឱឡារិក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។

37 នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​តង្វាយ​ដុត​មួយ តង្វាយ​ម្សៅ​មួយ យញ្ញ‌បូជា​មួយ និង​តង្វាយ​ច្រូច​មួយ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ។

38 ក្រៅ​ពី​ថ្ងៃ​សប្ប័ទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ ព្រម​ទាំង​បំណន់​របស់​អ្នក និង​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។

39 នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទីប្រាំពីរ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ។

40 នៅ​ថ្ងៃ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​យក​មែក ពី​ដើម​ឈើ​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ និង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង រួច​ត្រូវ​អរ​សប្បាយ​អស់​ប្រាំពីរ​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

41 អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​ប្រាំពីរ​ថ្ងៃ​រាល់​តែ​ឆ្នាំ នេះ​ហើយ​ជា​ច្បាប់ នៅ​អស់‌កល្ប​ជា‌និច្ច អស់​ទាំង​តំណ​អ្នក​ត​រៀង​ទៅ គឺ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ទីប្រាំពីរ

42 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រា‌អែល អា‌ស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់​ប្រាំពីរ​ថ្ងៃ

43 ដើម្បី​ឲ្យ​អស់​ទាំង​តំណ​កូន​ចៅ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា យើង​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​យើង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

44 លោក​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពី​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia