ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 61 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 61

ការ​ធានា​អះ​អាង​អំពី​ការ​ការពារ​របស់​ព្រះ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។

1 ឱ​ព្រះ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សម្រែក​របស់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង

2 ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

3 ដ្បិត​ព្រះ‌អង្គ​ជា​ទី​ជ្រកកោនរបស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។

4 ៙ ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​ព្រះ​ពន្លា របស់​ព្រះ‌អង្គ​រហូត​តទៅ ទូល‌បង្គំ​នឹង​ជ្រក​កោន​ក្រោម​ទី​កំបាំង នៃ​ស្លាប​របស់​ព្រះ‌អង្គ។ -បង្អង់

5 ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ឮ​សេចក្ដី ដែល​ទូល‌បង្គំ​បន់​ហើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំនូវ​មត៌ក ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

6 ៙ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា មាន​ជន្មាយុ​យឺន​យូរ សូម​ឲ្យ​ឆ្នាំ​របស់​ព្រះ​រាជា ស្ថិតស្ថេរអស់ទាំង​តំណ​តរៀង​ទៅ!

7 សូម​ឲ្យ​ព្រះ​រាជា​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះរហូត​ត​ទៅ សូមតាំង​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត ឲ្យ​ថែ‌រក្សា​ព្រះ​រាជា​ផង!

8 ៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ ព្រះ‌នាម​ព្រះ‌អង្គ​ជា​ដរាប ទុក​ជា​ការ​លា​បំណន់​របស់​ទូល‌បង្គំ រៀង​រាល់​ថ្ងៃ។

© 2016 United Bible Societies

Bible Society in Cambodia