សិរីល្អ និងឥទ្ធិឫទ្ធិនៃក្រុងស៊ីយ៉ូនទំនុកចម្រៀងជារបស់កូនចៅកូរេ។ 1 ព្រះយេហូវ៉ាប្រសើរឧត្តម ហើយស័ក្ដិសមនឹងសរសើរតម្កើង នៅក្នុងទីក្រុងរបស់ព្រះនៃយើង! ភ្នំបរិសុទ្ធរបស់ព្រះអង្គ 2 គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។ 3 នៅក្នុងបន្ទាយនៃក្រុងនោះ ព្រះបានសម្ដែងអង្គទ្រង់ ជាអ្នកការពារទីក្រុងនោះ។ 4 ៙ ដ្បិតមើល៍ ស្ដេចទាំងឡាយបានលើកគ្នា ហើយនាំគ្នាឡើងមកព្រមគ្នា។ 5 កាលគេឃើញទីក្រុងនោះ គេក៏អស្ចារ្យក្នុងចិត្ត គេមានចិត្តតក់ស្លុត គេរត់ចេញទៅ 6 នៅទីនោះ គេកើតមានចិត្តភ័យញ័រ ហើយឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន។ 7 ព្រះអង្គបានបំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត។ 8 កាលយើងបានឮ នោះយើងក៏បានឃើញ ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺនៅក្នុងទីក្រុងរបស់ព្រះនៃយើង ព្រះនឹងតាំងទីក្រុងនោះ ឲ្យរឹងមាំរហូតតទៅ។ –បង្អង់ 9 ៙ ឱព្រះអើយ នៅកណ្ដាលព្រះវិហារ របស់ព្រះអង្គ យើងខ្ញុំបានរិះគិត អំពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 10 ឱព្រះអើយ ដូចព្រះនាមព្រះអង្គ ល្បីសុសសាយយ៉ាងណា ការសរសើរតម្កើងព្រះអង្គ ក៏ទៅដល់ចុងបំផុតនៃផែនដី យ៉ាងនោះដែរ។ ព្រះហស្តស្តាំរបស់ព្រះអង្គ មានពេញដោយសេចក្ដីសុចរិត។ 11 គួរឲ្យភ្នំស៊ីយ៉ូនបានរីករាយឡើង! សូមឲ្យពួកកូនស្រីស្រុកយូដាបានអរសប្បាយ ដោយព្រោះសេចក្ដីយុត្តិធម៌របស់ព្រះអង្គ! 12 ចូរដើរចុះឡើងក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញ ហើយរាប់ចំនួនប៉មរបស់ទីក្រុងនេះមើល 13 ចូរពិចារណាមើលកំផែងក្រុងនេះទៅ ហើយពិនិត្យមើលបន្ទាយក្រុងផង ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស ជំនាន់ក្រោយថា 14 នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia