ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 45

ចម្រៀង​នៅ​ពេល​ព្រះ‌រាជា​រៀប​អភិសេក
ទំនុក​របស់​កូន​ចៅ​កូរេ តាម​បទ «ផ្កា​ឈូក» សម្រាប់​មេ​ភ្លេង ជា​ចម្រៀង​ស្នេហា។

1 ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​ពាក្យ​ពេជន៍​ដ៏​ល្អ ខ្ញុំ​លើកកំណាព្យ​របស់​ខ្ញុំ​ថ្វាយ​ព្រះមហាក្សត្រ អណ្ដាត​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ាកកា​របស់​កវី​និពន្ធ ដែល​ត្រៀម​ជា​ស្រេច។

2 ៙ ព្រះ‌ករុណាមាន​រូប​សម្បត្តិ​ល្អ លើស​ជាងបុរស​ទាំង​អស់ បបូរ​មាត់ព្រះ​ករុណា​មាន​ពេញ​ដោយ​ព្រះ‌គុណ ហេតុនេះ​ហើយ​បាន​ជា ព្រះ​ប្រទាន​ពរ​ព្រះ‌អង្គ​ជានិច្ច។

3 ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ សូម​ក្រវាត់​ដាវ​របស់​ព្រះ‌អង្គ​ជាប់នឹង​ត្រគាក ឲ្យ​សម​នឹង​តេជានុភាព​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ!

4 សូម​យាង​ទៅ​ដោយ​ឥទ្ធិឫទ្ធិ​របស់​ព្រះ‌អង្គ ទាំង​មាន​ជ័យ​ជម្នះ ដើម្បី​ការពារ​សេចក្ដី​ពិត ភាព​ស្លូត​បូត និង​សេចក្ដី​សុចរិត សូម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ បង្រៀន​ព្រះ‌អង្គ ពី​ការ​ដែល​គួរ​កោត​ខ្លាច!

5 ព្រួញ​របស់​ព្រះ‌អង្គ មុត​ចូល​ទៅ​ក្នុង​បេះ‌ដូង​របស់​ខ្មាំង​សត្រូវ សាសន៍​ទាំង​ប៉ុន្មាន​ដួល​នៅ​ក្រោម ព្រះបាទា​ព្រះ‌អង្គ។

6 ៙ ឱ​ព្រះ​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត

7 ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ គឺ​ព្រះ​របស់​ករុណា បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណា

8 ព្រះ‌ពស្ត្រព្រះ​ករុណា​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។

9 មាន​បុត្រី​ស្តេច​នៅ​ក្នុង​ចំណោម​ស្ត្រី​ជាន់​ខ្ពស់ របស់​ព្រះករុណា ព្រះ​មហាក្សត្រិយានី ទ្រង់​គ្រឿង​ដោយ​មាស​ពី​ស្រុក​អូភារ គង់​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ។

10 ៙ ឱ​បុត្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​បំភ្លេច​ប្រជា‌រាស្ត្រ​របស់​បុត្រី និងពួក​ដំណាក់​បិតា​របស់​បុត្រីទៅ

11 នោះ​ព្រះ​មហាក្សត្រ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដោយ​សោភ័ណភាព​របស់បុត្រី ដ្បិត​ព្រះ‌អង្គ​ជា​ម្ចាស់របស់​បុត្រី ចូរ​ចុះ​ចូល​នឹង​ព្រះ​រាជាទៅ!

12-13 ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស គឺ​ពួក​អ្នក​មាន​ស្ដុក​ស្ដម នឹង​នាំ​តង្វាយ​មក​ថ្វាយ​ព្រះ​នាង ដើម្បី​ផ្គាប់​ផ្គុន​ព្រះ​នាង។ ៙ ព្រះ‌អង្គ​ម្ចាស់​ក្សត្រិយ៍​ដែល​នៅ​ក្នុង​ក្រឡា​បន្ទំ ព្រះ​នាង​មាន​ពេញ​ដោយ​សេចក្ដី​រុងរឿង ព្រះ‌ភូសា​របស់​ព្រះ​នាង​ប៉ាក់​លម្អ​ដោយ​មាស។

14 គេ​នឹង​ដង្ហែ​ព្រះ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ ហើយ​ពួកភីលៀង​ព្រហ្មចារី​របស់​ព្រះ​នាង ហែ​ហម​ពីក្រោយ។

15 កាល​ពួក​នាង​ចូល​មក​ក្នុង​ព្រះ​ដំណាក់​ព្រះ​រាជា មានសំឡេងអប​អរ​សាទរ យ៉ាងសប្បាយ​រីក‌រាយ។

16 ៙ ព្រះ​ករុណា​នឹង​បាន‌រាជ​បុត្រ តពីអយ្យកោ​របស់ព្រះ‌អង្គ ព្រះ​ករុណា​នឹង​តាំង‌រាជ​បុត្រ​ទាំង​នោះ ជា​អ្នក​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។

17 ទូល‌បង្គំ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក នឹក​ចាំ​ពី​ព្រះ​នាមព្រះ​ករុណា គ្រប់​ជំនាន់​ត​ទៅ ហេតុ​នេះ ជាតិ​សាសន៍​ទាំង​ឡាយ នឹង​សរសើរ​ព្រះករុណា អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia