ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 29

ព្រះ‌សូរ‌សៀង​របស់​ព្រះក្នុង​ពេល​មាន​ព្យុះ​បាក់​បោក​ខ្លាំង
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱព​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។

2 ចូរថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​លម្អ​បរិសុទ្ធ។

3 ៙ ព្រះ‌សូរ‌សៀងរបស់​ព្រះ‌យេហូវ៉ា លាន់​ឮ​លើ​ផ្ទៃ​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់ គឺ​ព្រះ‌យេហូវ៉ា​គង់​លើ​មហាសាគរ។

4 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។

5 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ គឺ​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន។

6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ល្បាណូន​លោត​ដូច​ជា​កូន​គោ ហើយ​ឲ្យ​ភ្នំ​ស៊ីរាន លោត​ដូច​ជា​គោ​ព្រៃ​ស្ទាវ។

7 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន អណ្ដាត​ភ្លើង​ផុស​ឡើង។

8 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា កក្រើក​ទី​រហោ‌ស្ថាន ព្រះ‌យេហូវ៉ា​អង្រួន​ទី​រហោ‌ស្ថាន​ការដេស។

9 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា អង្រួន​ក្តាន់​ញី​ឲ្យ​កើត​កូន ក៏​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់​រលីង ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌អង្គ អ្វីៗ​សព្វ​សារពើ ស្រែក​ឡើង​ថា «ស្រី​សួស្ដី!»

10 ព្រះ‌យេហូវ៉ា​គ្រប់​គ្រង​លើ​ទឹក​ជំនន់ ព្រះ‌យេហូវ៉ា​គង់​ជា​ព្រះ‌មហា‌ក្សត្រ រហូត​តរៀង​ទៅ។

11 ព្រះ‌យេហូវ៉ា​ប្រទាន​កម្លាំង ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ពរ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គមាន​សន្ដិភាព។

© 2016 United Bible Societies

Bible Society in Cambodia