ពាក្យអធិស្ឋានសុំការរំដោះឲ្យរួចពីពួកអ្នកបៀតបៀនទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលស្ដេចស្ថិតនៅក្នុងរអាងថ្ម ជាពាក្យអធិស្ឋាន។ 1 ខ្ញុំស្រែករកព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ គឺដោយសំឡេងរបស់ខ្ញុំ ដែលខ្ញុំទូលអង្វរដល់ព្រះយេហូវ៉ា។ 2 ខ្ញុំបង្ហូរទំនួញរបស់ខ្ញុំនៅចំពោះព្រះអង្គ ខ្ញុំទូលរៀបរាប់ពីទុក្ខលំបាករបស់ខ្ញុំ នៅចំពោះព្រះអង្គ។ 3 កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន ព្រះអង្គជ្រាបពីផ្លូវរបស់ទូលបង្គំ តាមផ្លូវច្រកដែលទូលបង្គំដើរ គេបានបង្កប់អន្ទាក់ចាំចាប់ទូលបង្គំ។ 4 សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។ 5 ៙ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ទូលបង្គំពោលថា៖ «ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ ជាចំណែករបស់ទូលបង្គំ នៅក្នុងទឹកដីរបស់មនុស្សរស់»។ 6 សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវអាប់ឱនណាស់ហើយ! សូមរំដោះទូលបង្គំឲ្យរួច ពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងពូកែជាងទូលបង្គំ! 7 សូមនាំព្រលឹងទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណ ដល់ព្រះនាមព្រះអង្គ! មនុស្សសុចរិតនឹងនៅព័ទ្ធជុំវិញទូលបង្គំ ព្រោះព្រះអង្គនឹងប្រោសប្រណីដល់ទូលបង្គំ។ |
© 2016 United Bible Societies
Bible Society in Cambodia